ភាពស្រស់ស្អាតរបស់តារាចម្រៀង SK បានធ្វើឱ្យមនុស្សជាច្រើនទាំងប្រុសទាំងស្រីបានកោតសរសើរនាងជាមួយនឹងរូបរាងល្វត់ល្វន់គួរជាទីគយគន់។ មិនត្រឹមតែឆក់បេះដូងមហាជនទូទៅប៉ុណ្ណោះទេប៉ុន្តែ SK បានធ្វើឱ្យតារាចម្រៀង ពស៊ាង សរសើរនាងចំៗរហូតបានចោទសួរថាស្រស់ស្អាតបែបនេះតើជាមនុស្សឬទេវតា។

នៅល្ងាចថ្ងៃទី៨ មេសា តារាចម្រៀង SK ម្ចាស់បទ «រក្សាគម្លាត» បានបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្តាញសង្គមជាមួយនឹងការតុបតែងខ្លួនជាទេវតាឆ្នាំថ្មី។ ភ្ជាប់ជាមួយនឹងរូបភាពនេះ SK បានសរសេរបន្ថែមដែរថា «មហាសង្ក្រាន្តឆ្នាំម្សាញ់ ថ្ងៃចន្ទ ទាបភ្លឺ ទេវធីតាគង់លើសត្វខ្លាជាពាហនៈ យាងចុះ ចម្រើនសុភមង្គលសិរីសួស្តីឆ្នាំថ្មីដល់ដែនដីសុវណ្ណភូមិ»។ រូបភាពរបស់ SK តុបតែងបែបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរតារាស្រីរូបនេះស្រស់ស្អាតខ្លាំង ជាពិសេសមនុស្សជាច្រើនបានពោលថា ទេវតាពិតៗ។ 
ការសរសើរពីសំណាកទស្សនិកជនថា SK ជាទេវតាពិតៗនេះគឺដោយសារតែសម្រស់ដ៏ស្រស់ល្អឯករបស់នាងហើយកន្លងមកតារាចម្រៀងប្រចាំផលិតកម្ម Gen Music រូបនេះទទួលបានការសរសើរមិនដាច់ពីមាត់ពីសម្រស់របស់នាង។ មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេដែលបង្ហាញការស្រលាញ់ចំពោះតារាចម្រៀង SK សូម្បីតែតារាចម្រៀង ពស៊ាង អត់ទ្រាំមិនបានក៏បានសរសើរពីសម្រស់របស់នាងដូចគ្នា។
ម្ចាស់បទ«យីកេបំពេស្នេហ៍» បានចែករំលែកការបង្ហោះរបស់ SK ហើយបានសរសេរថា «ទេឆ្ងល់មួយ មនុស្ស ឬទេវតា ស្អាតហួស»ជាមួយនឹង Emoji រូបបេះដូងផងដែរ។
គួរបញ្ជាក់ផងដែរថា រូបភាពរបស់ SK ដែលបានទាក់ទាញខ្លាំងនិងមានការពិភាក្សាយ៉ាងច្រើននៅលើបណ្តាញសង្គមស៊ែរភ្លូកទឹកភ្លូកដីគឺជារូបភាពកាលពីឆ្នាំមុនក្នុងពេលដែលនាងបញ្ចេញសម្រស់នៅលើទឹកដីប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ នាគ្រានោះត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះរូបភាពរបស់ SK មានការចុច like និងស៊ែររាប់ម៉ឺនរាប់ពាន់នាក់៕










