ប្រទេសឥណ្ឌូណេស៊ី ៖ ក្រៅពីបន្ទុះភ្នំភ្លើង រញ្ជួយដីនៅតែជាគ្រោះធម្មជាតិដែលបានកើតឡើងនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងពុំអាចទាយទុកមុន ដូចជា ៖ មីយ៉ាន់ម៉ា ថៃ វៀតណាម និងឥណ្ឌូណេស៊ី ។ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ មានរញ្ជួយដីកើតឡើងនៅភាគពាយ័ព្យឆ្នេរសមុទ្រកោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ី ស្មើ៥.៥រិចទ័រ ជម្រៅ១០គីឡូម៉ែត្រ ស្ថិតនៅភាគនិរតីស្រុកមឿង ខេត្តសាទូន ប្រទេសថៃ ប្រមាណ៦៥០គីឡូម៉ែត្រ ។ វាធ្វើឱ្យពលរដ្ឋថៃបារម្ភពីរលកស៊ូណាមិក្នុងសមុទ្រថៃ ពីព្រោះកោះស៊ូម៉ាត្រា ទើបកើតរញ្ជួយដីកាលពីចុងខែមីនា ។
ហេតុការណ៍រញ្ជួយដីលើកនេះ ពុំបង្កឱ្យមានពលរដ្ឋរងរបួស ស្លាប់ និងខូចខាតទ្រព្យសម្បត្តិទេ ប៉ុន្តែភ្នាក់ងាររញ្ជួយដីនឹងតាមដានស្ថានការណ៍បន្តទៀត ព្រមទាំងជូនដំណឹងមកកាន់ពលរដ្ឋឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់ ។ បច្ចុប្បន្ន រញ្ជួយដីបានកើតឡើងជាញឹកញាប់ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយបើវាកើតឡើងនៅទីប្រជុំជនអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដូចនៅមីយ៉ាន់ម៉ា ។ នេះបើតាមការលើកឡើងរបស់ភ្នាក់ងាររញ្ជួយដីឥណ្ឌូណេស៊ី ។
.png)
កាលពីថ្ងៃទី២៩ ខែមីនា កន្លងមក ប្រទេសឥណ្ឌូណេស៊ីទើបតែមានរញ្ជួយដីកើតឡើងក្នុងសមុទ្រខេត្តបាន់ដាអាជិ ភាគខាងជើងកោះស៊ូម៉ាត្រា ស្មើ៤.៦រិចទ័រ ជម្រៅ១៤០គីឡូម៉ែត្រ ដែលស្ថិតនៅឆ្ងាយពីខេត្តភូកេត ប្រទេសថៃ ប្រមាណ៤០០គីឡូម៉ែត្រ ។ គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ីគ្មានឥទ្ធិពលមកលើថៃ ឬកើតរលកស៊ូណាមិទេ ។
ប៉ុន្តែព័ត៌មានរញ្ជួយដីនៅកោះស៊ូម៉ាត្រា របស់ឥណ្ឌូណេស៊ី ទាំង២លើកនេះ បានធ្វើឱ្យពលរដ្ឋថៃបារម្ភយ៉ាងខ្លាំងខ្លាចមានរលកស៊ូណាមិកើតឡើងក្នុងសមុទ្រប្រទេសថៃ បើទោះជាបរិវេណរញ្ជួយដីនៅឥណ្ឌូណេស៊ី ស្ថិតនៅឆ្ងាយពីខេត្តសាទូន ប្រទេសថៃ ប្រមាណ៦៥០គីឡូម៉ែត្រក្តី ពីព្រោះរញ្ជួយដីក្នុងសមុទ្រគួរឱ្យខ្លាចជាងរញ្ជួយដីលើគោក ។ ក្រោយការបារម្ភបែបនេះ ភ្នាក់ងារឧតុនិយមថៃប្រកាសថា រញ្ជួយដីនៅឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៩ ខែមីនា ពុំពាក់ព័ន្ធនឹងរញ្ជួយដីនៅមីយ៉ាន់ម៉ាទេ ។
គួរបញ្ជាក់ថា វិធីការពារ និងកាត់បន្ថយគ្រោះថ្នាក់ដោយសាររញ្ជួយដីប្រកបដោយប្រសិទ្ធភាព បច្ចេកវិទ្យា និងចំណេះដឹងនាពេលបច្ចុប្បន្ន គឺចាំបាច់បំផុតដើម្បីទទួលបានទិន្នន័យរំញ័រដ៏ត្រឹមត្រូវពីប្រព័ន្ធវាស់វែងស្តង់ដារសម្រាប់ភ្នាក់ងាររញ្ជួយដី ៕










