សហរដ្ឋអាមេរិក ៖ គោលនយោបាយដំឡើងពន្ធទំនិញនាំចូលពីក្រៅប្រទេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យប៉ះពាល់ដល់ប្រទេសទូទាំងពិភពលោក ហើយវាពុំត្រឹមតែប៉ះពាល់សេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ ពលរដ្ឋអាមេរិកក៏ជួបការលំបាកដែរ គឺទំនិញឡើងថ្លៃ ជាពិសេស ស៊ុតមាន់ ។ កន្លងមក តម្លៃស៊ុតនៅអាមេរិកបានឡើងថ្លៃដោយសារជំងឺផ្តាសាយបក្សី ប៉ុន្តែពេលប្រធានាធិបតីអាមេរិកដំឡើងពន្ធទំនិញនាំចូល វាកាន់តែធ្វើឱ្យតម្លៃស៊ុតកើនឡើងខ្ពស់ថែមទៀត ។
សមាគមនាំចេញសត្វស្លាប និងស៊ុតរបស់អាមេរិកបញ្ជាក់ថា ការដំឡើងពន្ធទំនិញនាំចូលរបស់លោក Trump បានប៉ះពាល់ដល់តម្លៃស៊ុតផងដែរ ហើយក្រុមហ៊ុនអាមេរិកដែលនាំចូលស៊ុតពីក្រៅប្រទេស ក៏ដូចជាឧស្សាហកម្មកែច្នៃស៊ុតជាអាហារ បានចំណាយដើមទុនច្រើនជាងមុនក្នុងការទិញស៊ុត ។ ហេតុនេះ វាធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋអាមេរិកត្រូវទិញស៊ុតក្នុងតម្លៃខ្ពស់ ។

តម្លៃស៊ុតនៅអាមេរិកបានកើនឡើងជាច្រើនខែហើយ គឺស៊ុត១២គ្រាប់ មានតម្លៃ៣ដុល្លារអាមេរិក ដែលខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ រហូតដល់៦០% ។ អ្នកជំនាញសន្និដ្ឋានថា តម្លៃស៊ុតនៅអាមេរិកនឹងកើនឡើងខ្ពស់ថែមទៀត ដោយសារការដាក់ពន្ធទំនិញនាំចូលរបស់លោក Trump ។ 
អាមេរិកបាននាំចូលស៊ុតពីប្រទេសតួកគី និងប្រេស៊ីលយ៉ាងច្រើនក្នុង១ឆ្នាំៗ ។ បើតួកគី និងប្រេស៊ីលប្រឈមនឹងការដាក់ពន្ធទំនិញ គឺប្រទេសទាំងនេះនឹងដំឡើងថ្លៃស៊ុតនាំចូលអាមេរិក ឬផ្អាកការនាំចេញស៊ុតមកអាមេរិក ដោយសារការដាក់ពន្ធ ។ ពលរដ្ឋអាមេរិករស់នៅរដ្ឋជាច្រើនពុំពេញចិត្តនឹងគោលនយោបាយដាក់ពន្ធទំនិញនាំចូលទេ ហើយពួកគេបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការដឹកនាំប្រទេសរបស់លោក Trump ។

ទោះយ៉ាងណា នៅមានកត្តាផ្សេងទៀតដែលធ្វើឱ្យតម្លៃស៊ុតកើនឡើងនៅអាមេរិក រួមមាន ៖ តម្លៃចំណីសត្វ, ប្រេងឥន្ធនៈ និងតម្លៃពលកម្មកើនឡើងដោយសារអតិផរណា ខណៈកសិករអាមេរិកត្រូវចំណាយដើមទុនបន្ថែមដើម្បីការពារសត្វមាន់ជាច្រើនក្បាលកុំឱ្យឆ្លងជំងឺ ។
គួរបញ្ជាក់ថា រយៈពេល១០ឆ្នាំមកនេះ មានការឆ្លងរាតត្បាតជំងឺផ្តាសាយបក្សីនៅអាមេរិក ជាពិសេស នៅឆ្នាំ២០២២ ។ ក្រសួងកសិកម្មអាមេរិកមានគោលនយោបាយមួយ បើប្រទះឃើញមាន់១ក្បាលកើតជំងឺផ្តាសាយបក្សី ត្រូវតែកម្ចាត់មាន់ទាំងអស់ក្នុងហ្វូង ទើបធ្វើឱ្យចំនួនមាន់ និងស៊ុតធ្លាក់ចុះ ។ តាមទិន្នន័យក្រសួងកសិកម្មបង្ហាញថា អាមេរិកបានកម្ចាត់មាន់ និងសត្វស្លាបផ្សេងៗ ស្មើជាង១៦៣លានក្បាល តាំងពីជំងឺផ្តាសាយបក្សីឆ្លងរាតត្បាត ។

កាលពីខែមករា ឆ្នាំ២០២៥ អាមេរិកបានកម្ចាត់មាន់ រហូតដល់២០លានក្បាល ។ បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកកំពុងស្វែងរកប្រទេសផ្សេងទៀតដើម្បីនាំចូលស៊ុតបន្ថែម ខណៈកន្លងមក អាមេរិកធ្លាប់នាំចូលស៊ុតពីកាណាដា ហូឡង់ អង់គ្លេស និងចិន ៕










