ខ្សាច់ គឺជាធនធានធម្មជាតិត្រូវបានយកមកប្រើប្រាស់ច្រើនបំផុតលើពិភពលោកសម្រាប់ការសាងសង់សំណង់ផ្សេងៗ ប៉ុន្តែផលប៉ះពាល់បរិស្ថានកើតឡើងដោយសារការជីកខ្សាច់ត្រូវបានគេមើលរំលងរហូតមក បើទោះជាអ្នកជំនាញដាស់តឿនថា វានឹងបង្កគ្រោះថ្នា.ក់ ខ្លាំងដល់បរិស្ថានពិភពលោក ប្រសិនបើជីកខ្សាច់មកប្រើប្រាស់កាន់តែច្រើន ។
.png)
យោងតាមរបាយការណ៍របស់ក្រុមអ្នកជំនាញអន្តរជាតិ ដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី «One Earth» គឺបានសរសេរឱ្យពិភពលោក យល់ដឹងពីផលប៉ះពាល់កើតឡើងដោយសារការជីកខ្សាច់កាន់តែច្រើន ដោយអ្នកជំនាញបញ្ជាក់ថា ខ្សាច់ និងក្រួស គឺជាវត្ថុរឹងដែលត្រូវបានគេជីកច្រើនបំផុតលើពិភពលោក ។ វានឹងគំរាមកំហែងដល់ជីវៈចម្រុះក្នុងសមុទ្រដ៏មានសារៈសំខាន់ ប៉ុន្តែគ្មានការចាប់អារម្មណ៍ពីផលប៉ះពាល់ទេ ។

ខ្សាច់ គឺជាវត្ថុផ្សំដ៏សំខាន់សម្រាប់ការសាងសង់អគារនានា ប៉ុន្តែបែរជាមានតម្លៃថោក ហើយការជីកខ្សាច់មកប្រើប្រាស់បានបំផ្លាញតុល្យភាពប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ ដោយសារវាបង្កើតជាដីល្បាប់ធ្វើឱ្យប៉ះពាល់ស្មៅសមុទ្រ និងផ្កាថ្ម ព្រមទាំងប៉ះពាល់ដល់សត្វក្នុងសមុទ្រផងដែរ ។ 
មនុស្សភាគច្រើនតែងតែយល់ខុសថា ខ្សាច់ គឺជាធនធានធម្មជាតិមានបរិមាណយ៉ាងច្រើន ប៉ុន្តែការពិត ធនធានធម្មជាតិមួយនេះមានសារៈសំខាន់ណាស់សម្រាប់ប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ ។ ក្រៅពីនេះ ខ្សាច់មានតួនាទីសំខាន់ក្នុងការការពារឆ្នេរសមុទ្រ ឬច្រាំង កុំឱ្យបាក់ធ្លាក់ដោយសារទឹករលកបោកបក់ ។
ហេតុនេះ ក្រុមអ្នកជំនាញបានអំពាវនាវឱ្យមានការចាប់អារម្មណ៍ពីបញ្ហាការជីកខ្សាច់យកមកប្រើប្រាស់ ជាពិសេស ផលប៉ះពាល់ផ្នែកនេសាទ, ការចិញ្ចឹមសត្វក្នុងទឹក និងវិស័យទេសចរណ៍ ដោយអ្នកជំនាញស្នើឱ្យមានការចាប់អារម្មណ៍ពីផលប៉ះពាល់បរិស្ថានដោយសារការជីកខ្សាច់ ។ ការជីកខ្សាច់នៅក្បែរឆ្នេរសមុទ្រដែលមានមនុស្សរស់នៅនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ស្របពេលបច្ចុប្បន្ន បម្រែបម្រួលអាកាសធាតុបានគំរាមកំហែងដល់ជីវិតមនុស្សយ៉ាងខ្លាំង ៕










