ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្រេចបង្កើតព្រឹត្តិការណ៍ដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ម៉ែត្រ ជាមួយនឹងលៀសចំនួន ៣តោន នៅខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ។
ព្រឹត្តិការណ៍នេះ នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋទទួលទានដោយសេរី នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ចាប់ផ្តើមពីម៉ោង១៤:៣០នាទីរសៀល តទៅ។
បើតាម អភិបាលខេត្តកំពង់ចាមបានលើកឡើងថាអត្ថន័យ នៃលេខ ១,០០០ (លៀសហាល ១.០០០ម៉ែត្រ) នៅក្នុងអក្សរសាស្រ្តខ្មែរមានន័យថា៖
- ទី១៖ លេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា សហស្ស
- ទី២៖ សហស្សគុណ ស្មើនឹងមានគុណភាពច្រើន។ ឧទាហរណ៍៖ ថ្នាំសហស្សគុណ ស្មើនឹងថ្នាំតែមួយមុខ តែអាចព្យាបាលរោគបានច្រើនមុខ
- ទី៣៖ សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ
ដោយឡែកចមំពោះអត្ថន័យ នៃលេខ ១,០០០ (លៀសហាល ១.០០០ម៉ែត្រ)នៅក្នុងវប្បធម៌ ប្រពៃណី និងជីវភាពប្រចាំថ្ងៃ មានន័យថា៖
- ទី១៖ គាថាពាន់ (គាថាបាលីសុទ្ធ ចំនួន ១,០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។
- ទី២៖ លៀសហាល ជាអាហារមួយប្រភេទ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឱ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ១,០០០ដែរ៕
.png)










