ប្រទេសថៃ ៖ ក្រោយពីប្រទេសថៃរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានធ្វើឱ្យបណ្តាខេត្តនានារបស់ថៃកើតហេតុប្លែកៗ ជាពិសេស ខេត្តនៅជាប់ព្រំដែនមីយ៉ាន់ម៉ា ។ ជាក់ស្តែង ខេត្តមេហុងសន ក្រៅពីការដីបាក់ស្រុតក្លាយជារណ្តៅធំៗជាច្រើនកន្លែងនៅស្រុកឃុនយ៉ួម គឺអណ្តូងទឹកក្តៅដ៏ល្បីល្បាញមួយកន្លែងឈ្មោះ «បានមឿងរ៉ែ » ដែលកន្លងមក ធ្លាប់តែចេញទឹកក្តៅបែកផ្សែងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើន ប៉ុន្តែក្រោយកើតរញ្ជួយដី ស្រាប់តែអណ្តូងទឹកនេះលែងមានទឹកផុសពីដីដូចមុន ។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា គ្រោះរញ្ជួយដីនៅប្រទេសថៃធ្វើឱ្យអណ្តូងទឹកក្តៅ «បានមឿងរ៉ែ» ស្ថិតនៅស្រុកប៉ាយ ខេត្តមេហុងសន ដែលមានទឹករ៉ែធម្មជាតិនោះ លែងមានទឹកក្តៅផុសពីដីទៀតហើយ ខណៈកន្លងមក អណ្តូងនេះមានទឹកក្តៅផុសបែកផ្សែងឡើងលើ និងអាចស្ងោរស៊ុតឆ្អិនទៀតផង ។ បច្ចុប្បន្ន អាជ្ញាធរពុំទាន់ដឹងថា តើវាបណ្តាលមកពីអ្វីទេ? តើវាពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីឬយ៉ាងណា?.jpg)
ក្រោយពីមីយ៉ាន់ម៉ាកើតរញ្ជួយដីខ្លាំងក្លា ស្មើកម្រិត៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ភ្នាក់ងារឧតុនិយមថៃរាយការណ៍ថា ខេត្តមេហុងសន ក៏រងឥទ្ធិពលរញ្ជួយដីដែរ ប៉ុន្តែពុំធ្ងន់ធ្ងរ ។ តាំងពីរញ្ជួយដីកើតឡើងនៅមីយ៉ាន់ម៉ា ធ្វើឱ្យខេត្តមេហុងស៊ន កើតរញ្ជួយដីជាបន្តបន្ទាប់ ចំនួន១២លើក ខណៈបណ្តាខេត្តផ្សេងទៀតក៏កើតរញ្ជួយដីដូចគ្នា ចាប់ពីកម្រិត១រិចទ័រ ទៅ៣រិចទ័រ ។

ហេតុនេះ អាជ្ញាធរនឹងត្រួតពិនិត្យឡើងវិញថា អណ្តូងទឹកក្តៅ «បានមឿងរ៉ែ» លែងមានទឹកក្តៅផុស តើវាពាក់ព័ន្ធនឹងរញ្ជួយដីដែរឬទេ? ឬរញ្ជួយដីធ្វើឱ្យស្រទាប់ផែនដីនៅតំបន់នេះផ្លាស់ប្តូរ ។ ក្រៅពីលែងមានទឹកក្តៅផុសនៅអណ្តូងទឹកក្តៅ អគារជាច្រើនកន្លែងនៅខេត្តមេហុងសន បានប្រេះស្រាំ រីឯផ្ទះលំហែសម្រាប់ភ្ញៀវទេសចរនៅតំបន់កងឡេន ក៏ខូចខាតដែរ ។
ដោយឡែក តំបន់ទេសចរណ៍ទឹកក្តៅ «សៃង៉ាម» នៅតំបន់ព្រៃអភិរក្សសៃង៉ាម ឃុំមេណាតឺង ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយទៀតរបស់ខេត្តមេហុងសន ស្រាប់តែទឹកក្លាយជាខាប់ លែងថ្លា ក្រោយថៃកើតរញ្ជួយដី ។ ហេតុនេះ អាជ្ញាធរប្រកាសបិទតំបន់ទេសចរណ៍ «សៃង៉ាម» លែងទទួលភ្ញៀវមកកម្សាន្ត ចាប់ពីថ្ងៃទី២៩ ខែមីនា ហើយនឹងបើកទទួលភ្ញៀវឡើងវិញ ពេលទឹកថ្លាដូចដើម ។

មន្ត្រីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តមេហុងសន បានតាមដានស្ថានការណ៍រញ្ជួយដីក្នុងខេត្ត និងបញ្ជាក់ថា រញ្ជួយដីនៅមីយ៉ាន់ម៉ា ពុំបណ្តាលឱ្យពលរដ្ឋរស់នៅខេត្តនេះរងរបួស ឬស្លាប់ទេ គឺមានតែអគារប៉ុណ្ណោះដែលខូចខាត ។
លោក អេកខាវីដ មីផៀន អភិបាលខេត្តមេហុងសន បានបញ្ជាឱ្យគ្រប់ស្ថាប័ន និងគ្រប់ស្រុកត្រៀមកងកម្លាំង ត្រៀមឧបករណ៍ និងបង្កើតប្រព័ន្ធសម្រាប់ទំនាក់ទំនង ដើម្បីបង្កើនការប្រុងប្រយ័ត្នពេលកើតហេតុការណ៍ Aftershocks ក្រោយរញ្ជួយដី ៕










