ប្រទេសថៃ ៖ ក្រោយកើតគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានធ្វើឱ្យបណ្តាខេត្តជាច្រើនរបស់ថៃរងផលប៉ះពាល់ ជាពិសេស ទីក្រុងបាងកក ប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលធ្វើឱ្យអគារកម្ពស់៣០ជាន់ នៅតំបន់ចាក់តុចាក់ បាក់រលំខ្ទេចខ្ចី ខណៈអគារធ្វើការ ឬខុនដូជាច្រើនកន្លែងមានស្នាមប្រេះ ។ ក្រៅពីថៃមានបញ្ហាប្រេះ និងផ្អៀងអគារ នៅតាមខេត្តក៏មានបញ្ហាប្លែកៗដែរ ដូចជា ៖ ដីនៅខេត្តជាប់ព្រំដែនមីយ៉ាន់ម៉ា បានបាត់ស្រុតក្លាយជារណ្តៅធំៗជាច្រើនកន្លែង រីឯអណ្តូងទឹកក្តៅដ៏ល្បីល្បាញនៅខេត្តតាកវិញ ស្រាប់តែប្រែជាពណ៌ក្រហមច្រែះ បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzM-FzRs0_JmPSj0HEpygix8o3dVBdeZaxkgOHBQ5KS8SyifQpsfl5bcwdZixrCB-jwcU9gwzzO4dNuHsODk_XZ9Ep-QcjkO2dELwMRGnL6E_Qbl5d_-RbS5LJP9HORwnpTTfrCzfm_xcLoJR1HvWUAusNX7awFWkzMzJeG8ARZ2Xv50uuf5ARQFxdRLMn/s1280/photo_2025-04-05_10-28-45.jpg
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា អណ្តូងទឹកក្តៅដ៏ល្បីល្បាញឈ្មោះ «មេកាសា» ស្ថិតនៅស្រុកមេសត ខេត្តតាក បានប្រែជាពណ៌ក្រហមច្រែះ ក្រោយថៃរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា ដែលធ្វើឱ្យពលរដ្ឋថៃចែកចាយរូបភាពអណ្តូងទឹកក្តៅយ៉ាងច្រើនក្នុងបណ្តាញសង្គម ។ មុនពេលកើតរញ្ជួយដីនៅថៃ គឺទឹកអណ្តូងនេះមានពណ៌បៃតង ស្រដៀងស្លែនៅជាប់លើដុំថ្ម មិនមែនពណ៌ច្រែះបែបនេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1NVEKHEznA-dOYtuqu660Ayge5SmJ4zOIhzE9lbOLEd6AGF6WQu_nIv-gj0rt9ZyR5Pq3fmswawlCTAX1mqpqVXfm-_eulfOBOR_8TCr1xI-uux018FeMs0F5UPPsjMBr4_a-g7pK8VokNiI9sQNE5uaJVVVpS7O-rmipei8vXsVjTM9pBDY1YmhAwltM/s1024/photo_2025-04-05_10-28-46.jpg
អណ្តូងទឹកក្តៅនេះមានទំហំតូច និងមានទឹកក្តៅផុសចេញពីក្នុងដី ដែលមានកំដៅចាប់ពី៧០អង្សាសេ ទៅ៨០អង្សាសេ ។ ទឹកក្តៅចេញពីក្នុងដីលាយឡំជាមួយទឹកត្រជាក់លើដី ក៏បង្កើតជាទឹកក្តៅឧណ្ឌៗ ដែលមានចំហាយទឹកកើតចេញពីប្រភពទឹក២កន្លែង ។ ហេតុនេះ អាជ្ញាធរបានយកដុំថ្មមកបិទបាំងដើម្បីការពារគ្រោះថ្នាក់ កុំឱ្យសត្វផ្សេងៗធ្លាក់ចូលក្នុងអណ្តូង ពីព្រោះវាក្តៅខ្លាំងអាចស្ងោរស៊ុតឆ្អិន ចំណាយពេលត្រឹមតែ១០នាទី ។ អណ្តូងនេះគ្មានក្លិនស្អុយចេញពីឧស្ម័នស្ពាន់ធ័រ ទើបធ្វើឱ្យវាក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរថៃ និងមីយ៉ាន់ម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNKEBgcJJTeOjNb3Aw7NI_9Ip9KSM7JJmObTfPdceBNasDH6oNRBfyCI4h_ZeZzh0a674g3GqXaqsAIkEd7_egRwpUAFjtDnn8qMyJcZsZHodZv71Sp37a_6nj4qbNMM0NeaRRjGO61dqErMZRhsanLjNYOeRd1OVdHOY8DljMOWMp_re_uHpufagOlIEU/s686/image_2025-04-07_08-57-34.png

ក្រោយកើតរញ្ជួយដីនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក បានធ្វើឱ្យស្រទាប់ដី និងកំបោររបស់អណ្តូងទឹកក្តៅផ្លាស់ប្តូរ គឺទឹកក្តៅផុសចេញពីដីបានក្លាយជាពណ៌ក្រហមច្រែះពេញអណ្តូងទាំងអស់ ។ អ្នកស្រី នុតជុណាត ឡាំងកាវង្ស ជាអាជីវករលក់អីវ៉ាន់ និងស្នាក់នៅក្បែរអណ្តូងទឹកក្តៅ ប្រាប់ថា អ្នកស្រីភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងការប្រែពណ៌ទឹកអណ្តូង ទើបថតរូបបង្ហោះក្នុងបណ្តាញសង្គមធ្វើឱ្យមានការចែកចាយយ៉ាងច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg3jfisdw9D_W0kjMnaoDc_lxy7gVwlfGUgmI9DSQVCGv17_OcdQqPRta00of5JieX7qSePyu5c_ODYgFRDc7Za24NdDlr5CT6OHl8VFMTbXrZB1_wYY-sZO0vR4fp8WrGwuiIELPlCSLqMzV9Iv-U-2tVi6sJGy-rtQd7qTGwGSJdMELrXL7AUDIMenKA/s1080/image_2025-04-07_08-57-35%20(2).png
អ្នកស្រី នុតជុណាត រៀបរាប់ថា កាលពីអំឡុងពេលកើតយក្សស៊ូណាមិកន្លងមក អណ្តូងទឹកក្តៅបានប្រែជាពណ៌ក្រហមច្រែះជាច្រើនថ្ងៃ ហើយពេលកើតរញ្ជួយដីនៅមីយ៉ាន់ម៉ាលើកនេះ ទឹកអណ្តូងក៏ប្រែជាពណ៌ក្រហមច្រែះម្តងទៀត ហើយពណ៌ក្រហមក៏បាត់បង់បន្តិចម្តងៗនាថ្ងៃបន្ទាប់ ។ វាពិតជាចម្លែកណាស់ ពីព្រោះឱ្យតែមានគ្រោះធម្មជាតិកើតឡើង ទឹកអណ្តូងប្រែពណ៌ជានិច្ច លើកនេះ ដុំថ្មក៏មានពណ៌ច្រែះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyYLlbQTHkMIbbt8VBcOwPtCmjAqhT_L1dgrHq5TtlTVD_nwaMORDEc8_prSLUoNa7pBOnCIqhJT7go5sO79kYB6pWaC6GBLw2Vi-LFx88XHq71RTWCcKTMRa9U-bFLbE5DpWPl6uO2r0t1CCYOHdl11flyjSV0wjjZl6qYtVFEkZzC3opxWb_PPB3TT0p/s1020/image_2025-04-07_08-57-35.png

ទោះជាអណ្តូងទឹកក្តៅមានសភាពខុសប្លែកក្តី ប៉ុន្តែនៅតែមានភ្ញៀវទេសចរថៃ និងមីយ៉ាន់ម៉ា ធ្វើដំណើរមកកម្សាន្ត ហើយពួកគេបានទិញពងមាន់ និងពងក្រួចមកត្រាំក្នុងអណ្តូងទឹកក្តៅ ឃើញថា ទឹកនៅតែក្តៅធម្មតា គ្មានអ្វីគួរឱ្យបារម្ភទេ ។ ក្រោយពីស្ថានការណ៍រញ្ជួយដីស្ងប់ស្ងាត់ ទឹកអណ្តូងនេះក៏ចាប់ផ្តើមមានពណ៌ថ្លាដូចធម្មតាវិញ ៕