ប្រទេសចិន ៖ ពលរដ្ឋចិនតែងតែបង្ហាញចំណីអាហារប្លែកៗឱ្យមនុស្សលើពិភពលោក បានឃើញជានិច្ច ដូចជា ៖ ដែកអាំងប្រឡាក់គ្រឿង និងតែបៃតងដាក់ស្លឹកខ្ទឹម ជាដើម នាពេលថ្មីៗនេះ ចិនបានបង្ហាញអាហារប្លែកមួយទៀត គឺចង្កឹះឫស្សីអាំងផ្សំគ្រឿងពិសេស ធានារសជាតិឆ្ងាញ់ គ្មានកាឡូរី បរិភោគហើយពុំឡើងទម្ងន់ ។ លើសពីនេះ ថែមទាំងលក់ក្នុងតម្លៃសមរម្យ ដែលស័ក្តិសមសម្រាប់នារីៗសម្រកទម្ងន់ទិញបរិភោគ ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ គឺមានភោជនីយដ្ឋានសាច់អាំងមួយកន្លែងនៅទីក្រុងឆៅយ៉ាង ខេត្តហ៊ូណាន ប្រទេសចិន បានល្បីល្បាញយ៉ាងខ្លាំង ក្រោយពីភោជនីយដ្ឋាននេះលក់ចង្កឹះឫស្សីអាំងផ្សំគ្រឿងពិសេសឱ្យអតិថិជនដែលចង់ភ្ភក្សរសជាតិសាច់អាំង ពុំកង្វល់ពីការឡើងទម្ងន់ ។ អាហារប្លែកនេះបានបង្កើតឡើងដោយលោក ម៉ា ជាម្ចាស់ភោជនីយដ្ឋាន ។
.jpg)
លោក ម៉ា បានយកគ្រឿងផ្សំផ្សេងៗមកលាយជាមួយចង្កឹះឫស្សីតូចៗ ដូចជា ៖ ម្ទេស និងស្លឹកខ្ទឹម បន្ទាប់មក លោកក៏យកចង្កឹះឫស្សីទៅអាំងនៅលើចង្ក្រាន ។ ចង្កឹះឫស្សីអាំងនឹងលក់ជាបាច់ គឺ១បាច់ មានចង្កឹះឫស្សីចំនួន៥០ដើម ក្នុងតម្លៃត្រឹមតែ១០យាន់ (ឬស្មើ៤ពាន់រៀល) ប៉ុណ្ណោះ ។ រីឯវិធីបរិភោគវិញ គឺគ្រាន់តែជញ្ជក់យករសជាតិគ្រឿងផ្សំពីចង្កឹះឫស្សី ពុំចាំបាច់ទំពារទេ គ្រាន់តែធ្វើបែបនេះ អតិថិជននឹងទទួលបានរសជាតិឆ្ងាញ់របស់វា ។.png)
លោក ម៉ា បានបង្កើតអាហារប្លែកនេះ ដោយសារឃើញស្រីៗជាច្រើនចាប់អារម្មណ៍លើការសម្រកទម្ងន់ ។ ពួកនាងចូលចិត្តមកភោជនីយដ្ឋានរបស់លោកពេលយប់ ហើយបដិសេធពុំកុម្ម៉ង់អាហារបរិភោគ ពីព្រោះខ្លាចឡើងទម្ងន់ ។ ហេតុនេះ លោកក៏បង្កើតចង្កឹះឫស្សីអាំងផ្សំគ្រឿងពិសេសមានរសជាតិឆ្ងាញ់នេះសម្រាប់លក់ឱ្យពួកនាង ដោយពុំបារម្ភរឿងឡើងទម្ងន់ ។

ពីដំបូង លោកបង្កើតចង្កឹះឫស្សីអាំងដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជនក្នុងបណ្តាញសង្គមប៉ុណ្ណោះ ប៉ុន្តែក្រោយពីលោកបង្ហោះវីដេអូភ្លក្សរសជាតិអាហារប្លែកនេះ ស្រាប់តែអតិថិជនជាច្រើននាក់នាំគ្នាមកភោជនីយដ្ឋានរបស់លោក ដើម្បីសាកល្បងវាដោយខ្លួនឯង ។ បច្ចុប្បន្ន លោក ម៉ា ទទួលបានការកុម្ម៉ង់ទិញអាហារប្លែកពីអតិថិជនរាប់រយនាក់ក្នុង១ថ្ងៃ ហើយចង្កឹះឫស្សីអាំង១បាច់ លោកចំណេញចាប់ពី៥យាន់ ទៅ៦យាន់ (ឬប្រមាណ ២ពាន់រៀល) ៕









