ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាកាលពីពេលថ្មីៗនេះព្រះនាង ជេនណា ត្រូវបានអ្នកលេងបណ្តាញសង្គមផ្ទះលេខ២ចូលមកខម្មិនដាក់ទ្រង់ថាគ្រងឈុតប្រពៃណីថៃដែលធ្វើឱ្យមានការហួសចិត្តយ៉ាងខ្លាំង។ បន្ទាប់ពីព្រះនាង ជេនណា ពេលនេះតារាចម្រៀង សុគន្ធ និសា ត្រូវបានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនចូលមកខម្មិនបែបនេះបន្តទៀត។
នៅថ្ងៃទី១ មេសា តារាចម្រៀង សុគន្ធ និសា បានទម្លាក់បទសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលឆាប់ៗខាងមុខនេះមានចំណងជើងថា «សង្ក្រាន្តចួបស្នេហ៍»។ MV មួយបទនេះបានផ្តិតយកទិដ្ឋភាពនៅប្រាសាទអង្គរវត្តជាមួយនឹងឈុតប្រពៃណីខ្មែរ។ MV នេះក៏មិនរំលងកន្លែងល្បីល្បាញមួយគឺភូមិព្រះដាក់ដែលល្បីថាមានអាកោខ្មែរឆ្ងាញ់ដាច់គេ។ 
ទោះយ៉ាងណា ការគ្រងសំលៀលបំពាក់ប្រពៃណីខ្មែរថតនៅលើទឹកដីអង្គរវត្តរបស់ខ្លួន នៅលើបណ្តាញសង្គមទិកតុករបស់តារាចម្រៀងរូបនេះផ្ទាល់ត្រូវបានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនចូលទៅខម្មិនឆាឆៅថា តារាចម្រៀង សុគន្ធ និសា ស្លៀកសំលៀកបំពាក់របស់ថៃទៅវិញ។ នេះមិនមែនជាលើកទី១នោះទេដែលអ្នកលេងបណ្តាញសង្គមប្រទេសជិតខាងមួយនេះចូលចិត្តថាតារាខ្មែរគ្រងស្លៀកឈុតប្រពៃណីខ្មែរតែខម្មិនថាជារបស់ប្រពៃណីខ្លួនទៅវិញហើយបញ្ហាមួយនេះកើតឡើងជាញឹកញាប់រវាងជាតិសាសន៍ទាំងពីរ។
គេចាំបានដែរថាកន្លងមកថ្មីៗនេះព្រះនាង ជេន ណា បានគ្រងឈុតប្រពៃណីជាតិខ្លួនក្នុងបទចម្រៀង «សូរិយា (អេតាស៊ីវិល) ហើយត្រូវបានផ្ទះលេខពីរចូលមកលុកលុយយ៉ាងខ្លាំងរហូតផេកមួយឈ្មោះថា បុរាណាចារ្យ លើកយកបញ្ហានេះមកនិយាយដោយសារតែព្រះនាង ជេនណា ត្រូវរងការវាយប្រហារច្រើនជាងគេដោយសារតែទ្រង់គ្រងឈុតបែបប្រពៃណីចូលកម្មវិធីធំៗជាច្រើន។
គួរឱ្យដឹងថា «សង្ក្រាន្តចួបស្នេហ៍» របស់ សុគន្ធ និសា គឺជាបទទី២ក្នុងការអបអរចូលឆ្នាំខ្មែរសម្រាប់ឆ្នាំ២០២៥បន្ទាប់ពីបទ «ចាក់ក្រឡែកទយ»សហការជាមួយនឹង រ៉ូលីន ដែលបទសហការលើកដំបូងរបស់អ្នកទាំងពីរផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនរហូតពេលនេះទទួលបានការទស្សនា១លានដងហើយ៕










