បាំត្រុដិ គឺជារបាំមួយប្រភេទ ដែលគេតែងតែសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីប្រសិទ្ធនូវពរជ័យ ក្នុងឱកាសឆ្នាំថ្មី ។
ចាប់តាំងពីបុរាណកាល រមកដល់ពេលបច្ចុប្បន្ន ពលរដ្ឋខ្មែរនៅតែមានការពេញនិយម និងមានជំនឿទៅលើការសម្តែងរបាំត្រុដិ ដែលគេជឿជាក់ថា កាលណាបានមកសម្តែង នឹងជួយបណ្តេញរាល់ចង្រៃឧបទ្រព បណ្តេញខ្មោចព្រាយបិសាច ឱ្យចាកចេញឆ្ងាយ ហើយជួយឱ្យឆ្នាំថ្មីទទួលបានជោគជ័យសិរិសួរស្តី ។.png)
តាមសៀវភៅរបាំប្រជាប្រិយខ្មែរ នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បានចងក្រងថា ពាក្យ “ត្រុដិ” ជាពាក្យដើមមកពីភាសាសំស្ក្រឹត ដែលប្រែថា “ផ្តាច់ ឬកាត់ផ្តាច់” គឺសំដៅដល់ការផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី។
បើតាមប្រវត្តិសាស្ត្រ របាំនេះ ត្រូវបានជនជាតិសំរែ តែងលេងថ្វាយព្រះរាជា នៅរៀងរាល់ពេលបុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះពរសួស្តី សិរីមង្គល ។
លក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិ គឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំង នូវការឯកភាពផ្នែកជំនឿសាសនាព្រះពុទ្ធផងដែរ៕










