ផ្លូវថ្មើរជើងមាត់ទន្លេ នៅថ្ងៃចុងសប្តាហ៍(សៅរ៍-អាទិត្យ) ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កាន់តែទទួលបានការគាំទ្រមានប្រជាពលរដ្ឋជាច្រើនរួមទាំងទេសចរអន្តរជាតិមកកម្សាន្តសប្បាយយ៉ាងផុសផុល។ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមក៏បានចែករំលែកពីតារាចម្រៀង រ៉េត ស៊ូហ្សាណា និង នរិទ្ធ បានលេងលោតអន្ទាក់យ៉ាងសប្បាយរីករាយនៅកន្លែងដ៏កំពុងពេញនិយមមួយនេះ។

ប្រិយមិត្តអ្នកតាមដានវិស័យសិល្បៈមួយចំនួនជ្រាបមកហើយចាប់តាំងពី រ៉េត ស៊ូហ្សាណា បានចូលផលិតកម្មទី២របស់ខ្លួននាងមានទំនាក់ទំនងល្អៗជាមួយសិល្បករដទៃទៀតណាស់។ ផ្តល់ដោយអារម្មណ៍កក់ក្តៅរីករាយជាមួយគ្នាដូចជាការកម្សាន្តលេងទិកតុកជាមួយគ្នាជាហូរហែក្នុងនាមស្ថិតនៅទ្រនំតែមួយដូចគ្រួសារតែមួយ។ ជាក់ស្តែងថ្មីៗនេះនៅលើបណ្តាញសង្គមបានបង្ហាញពីសកម្មភាព ហ្សាណា និងកំលោះសង្ហា នរិទ្ធ ទៅកម្សាន្តនៅ ផ្លូវថ្មើរជើងមាត់ទន្លេ យ៉ាងរីករាយជាមួយគ្នា។
តាមរយៈវីដេអូនោះគេបានឃើញ នរិទ្ធ និង ហ្សាណា បានលោតអន្ទាក់ជាមួយគ្នាដែលនេះជាល្បែងកម្សាន្តមួយរម្លឹកពីកុមារភាពដែលការលោតអន្ទាក់នេះជាល្បែងកម្សាន្តមួយនៅ ផ្លូវថ្មើរជើងមាត់ទន្លេក្រៅពីការរាំកម្សាន្ត និងកន្លែងសប្បាយៗជាច្រើនទៀតដែលមានមនុស្សទៅចូលរួមយ៉ាងច្រើនកុះករនិងមានការលក់ដូររបស់ខ្មែរជាច្រើនទៀតទៅដល់អ្នកទៅកម្សាន្ត។

រ៉េត ស៊ូហ្សាណា ជាអ្នកចំណូលថ្មីមែនពិតប៉ុន្តែមានការចុះសម្រុងជាមួយនឹងសិល្បករដទៃទៀតណាស់។ កន្លងមកនាងនិង នរិទ្ធ រួមទាំង យូហៃ ផងលេងទិកតុកជាមួយគ្នាយ៉ាងសប្បាយ។ ក្នុងកម្មវិធីជប់លៀងនៅក្នុងក្រុមហ៊ុន ហ្សាណា ក៏បានច្រៀងលេងកម្សាន្តជាមួយ វណ្ណដា ផងដែរ។ ហ្សាណា បានចាប់ដៃគូជាមួយនឹង យូហៃ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈសកម្មភាពរបស់ និរទ្ធ និង ហ្សាណា ក៏ផ្តល់សញ្ញាវិជ្ជមានដូចគ្នា អាចថាអនាគតមានអ្វីជូនទៅអ្នកគាំទ្រក៏ថាបាន។
គួរបញ្ជាក់ផងដែរថា នាខែកក្កដា ខាងមុខតារាក្នុងទ្រនំបារមីមានដូចជា រ៉េត ស៊ូហ្សាណា វណ្ណដា នរិទ្ធ វណ្ណថាន និង យូហៃ នឹងមានការសម្តែងនៅសហរដ្ឋអាម៉េរិកផងដែរ៕










