ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានថ្លែងពីស្ថានការណ៍ក្រោយគ្រោះរញ្ជួយដីថា ស្ថានការណ៍ធូរស្រាលហើយ គ្មានរលកយក្សស៊ូណាមិនៅប្រទេសថៃទេ ពីព្រោះរញ្ជួយដីកើតឡើងលើគោក ពុំមែនកើតនៅសមុទ្រ សូមពលរដ្ឋត្រឡប់មកលំនៅឋានវិញ ។ អគារការិយាល័យពិនិត្យប្រាក់គ្រោះរញ្ជួយដី ដែលសាងសង់លើផ្ទៃដីជាង១ហិកតា នៅតាមបណ្តោយផ្លូវកំផែងពេជ្រ២ បានបាក់រលំទាំងស្រុងដោយសារគ្រោះរញ្ជួយដីកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ គឺជាអគារកំពុងសាងសង់ រីឯអគារផ្សេងៗនៅទីក្រុងបាងកក មានសុវត្ថិភាព ។
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ និងមន្ត្រីពាក់ព័ន្ធបានធ្វើដំណើរពីខេត្តភូកេត មកដល់អាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក ហើយលោកស្រីក៏បានប្រជុំតាមវីដេអូជាបន្ទាន់រយៈពេល១ម៉ោង ដើម្បីតាមដានស្ថានការណ៍ក្រោយគ្រោះរញ្ជួយដី ។ ការប្រជុំនេះមានលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបចូលរួម ។
ក្រោយបញ្ចប់កិច្ចប្រជុំ លោកស្រី ផេថងថាន ថ្លែងថា លោកស្រីបានទទួលសេចក្តីរាយការណ៍ពីគ្រប់ផ្នែកទាំងអស់ គឺស្ថានការណ៍ធូរស្រាលហើយ ។ អគារនានានៅទីក្រុងបាងកក ដែលខូចខាត ឬបាក់រលំដោយសាររញ្ជួយដី គឺជាអគារកំពុងសាងសង់ ។ លោកស្រីបានជជែកជាមួយវិស្វករ គឺអគារនានានៅទីក្រុងបាងកក បានសាងសង់តាមលក្ខណៈស្តង់ដារ យបើកើតរញ្ជួយដីខ្លាំងជាងនេះ ថៃនឹងអាចទប់ស្កាត់បាន ដូច្នេះ ពលរដ្ឋអាចត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ។
អគារបាក់រលំ គឺជាអគារកំពុងសាងសង់ ហើយលោកស្រីបានទទួលដំណឹងពីភ្នាក់ងារឧតុនិយមកាលពីរសៀលថ្ងៃទី២៨ ខែមីនា ថា រញ្ជួយដីបានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ស្មើនឹង៧.៧រិចទ័រ ហើយមានកម្លាំងរំញ័ររហូតដល់១២លើកក្រោយរញ្ជួយដី ។ វាមានកម្លាំងខ្លាំងក្លា ទើបធ្វើឱ្យមានកម្លាំងរំញ័រឆ្ងាយមកដល់ទីក្រុងបាងកក និងខេត្តភាគខាងជើងថៃ ។

ពលរដ្ឋនៅទីក្រុងបាងកក អាចត្រឡប់ទៅស្នាក់នៅអគារខ្ពស់ៗបាន ។ វាជាគ្រោះរញ្ជួយដីនៅលើគោក វាពុំបានកើតឡើងក្នុងសមុទ្រ ហេតុនេះ គ្មានរលកយក្សស៊ូណាមិកើតឡើងទេ ។ រីឯការធ្វើដំណើរតាមរថភ្លើងក្រោមដី និងរថភ្លើងអាកាស BTS គឺស្ថិតក្រោមការត្រួតពិនិត្យសុវត្ថិភាព ហើយសង្ឃឹមថា នឹងដំណើរការឡើងវិញនាពេលឆាប់ៗ ។.jpg)
អភិបាលក្រុងបាងកក លោក ឆាត់ជាតិ សិទ្ធីផាន់ បានអនុញ្ញាតឱ្យពលរដ្ឋស្នាក់នៅបណ្តោះអាសន្នតាមសួនច្បារសាធារណៈ ប៉ុន្តែពលរដ្ឋមួយចំនួនពុំសប្បាយចិត្តរឿងការចែកចាយទឹកបរិសុទ្ធ និងអាហារ ។ សូមពលរដ្ឋតាមដានព័ត៌មានរញ្ជួយពីភ្នាក់ងារនានារបស់រដ្ឋាភិបាល អភិបាលក្រុងបាងកក នឹងពិនិត្យមើលខុនដូនានា ហើយថៃមានវិស្វករចំនួន២,០០០នាក់ អាចទទួលខុសត្រូវរឿងសុវត្ថិភាពអគារខុនដូ ។
បើពលរដ្ឋពុំចង់ត្រឡប់មកស្នាក់នៅខុនដូ គឺអាចស្នាក់នៅតាមសួនច្បារសាធារណៈបាន ដែលបើកទទួលពលរដ្ឋរយៈពេល២៤ម៉ោង ។ រីឯអគារការិយាល័យពិនិត្យប្រាក់គ្រោះរញ្ជួយដី ដែលបាក់រលំនៅតំបន់ចាក់តុចាក់ គឺភ្នាក់ងារសង្គ្រោះបាននាំជនរងគ្រោះចេញបណ្តើរៗហើយ ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ ៕










