យោងតាមគេហទំព័រ East Money ដែលជាគេហទំព័រទិន្នន័យហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិនបានរាយការណ៍ថា នៅថ្ងៃទី២៦ ខែមីនា ផលិតផលសាច់ក្រកស្រស់នៃម៉ាកយីហោដែលបង្កើតឡើងដោយតារាសម្តែងហុងកុង Nicholas Tse បាននាំមុខការលក់នៅក្នុងប្រទេសចិនរយៈពេលបីឆ្នាំជាប់ៗគ្នា។ លើសពីនេះការលក់សាច់ក្រករយៈពេល ៤ ឆ្នាំ Nicholas រកចំណូលបាន ១.៥ ពាន់លានយ័នប្រមាណ២០៦លានដុល្លារ។

សាច់ក្រកស្រស់ដែលផលិតដោយក្រុមហ៊ុនរបស់លោកមានតម្លៃ ១០៩ យ័នប្រមាណជាង១៥ដុល្លារ សម្រាប់បីប្រអប់ដោយមួយប្រអប់មានសាច់ក្រក៨។ តារាសម្ដែងរូបនេះបានថតវីដេអូផ្សព្វផ្សាយដោយផ្ទាល់ ឈ្មោះ និងរូបភាពរបស់លោកត្រូវបានបោះពុម្ពនៅលើវេចខ្ចប់ផលិតផល។ បណ្តាញលក់របស់ Nicholas មាននៅលើ Douyin ទាក់ទាញអ្នកតាមដានជាង ២.៦ លាននាក់។

យីហោនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ដោយ Nicholas Tse និងក្រុមហ៊ុនមួយនៅទីក្រុង Hangzhou ។ ក្នុងរយៈពេលបីខែដំបូង ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់វាលើសពី ១០ លានយ័នជិត ១.៤ លានដុល្លារអាម៉េរិក។.png)
ក្រៅពីសាច់ក្រក Nicholas មានលក់អាហារ និងភេសជ្ជៈជាច្រើនទៀត ដូចជាពោតលីង កាហ្វេ គុយទាវ និងនំព្រះខែ។ លោកក៏បានចេញលក់ផលិតផលដើម្បីបំពេញតម្រូវចិត្តអ្នកប្រើប្រាស់ផងដែរ។
យោងតាម សារព័ត៌មាន Mirror Media ទ្រព្យសម្បត្តិរបស់ Nicholas Tse មានលើសពី ១៣០ លានដុល្លារគិតត្រឹមឆ្នាំ២០២០។ លោកកំពុងសកម្មក្នុងការកម្សាន្ត និងអាជីវកម្ម ដោយវិនិយោគនៅចិន តៃវ៉ាន់ និងហុងកុង។ បច្ចុប្បន្នលោកមានអាយុ៤៤ឆ្នាំចូលប្រឡូកក្នុងវិស័យតន្ត្រីតាំងពីអាយុ ១៥ ឆ្នាំ មានសមត្ថភាពនិពន្ធបទចម្រៀង និងបានឈ្នះពានរង្វាន់អ្នកចម្រៀងប្រុសដែលចូលចិត្តបំផុតប្រចាំឆ្នាំជាច្រើនដង នៅពានរង្វាន់តន្ត្រីចិន។ លោកបានរៀបការជាមួយតារាសម្តែងស្រី Cecilia Cheung និងមានកូនប្រុសពីរនាក់និងបានលែងលះគ្នាក្នុងឆ្នាំ ២០១១។ តារាប្រុសរូបនេះក៏ធ្លាប់មកប្រទេសកម្ពុជាថតនៅក្នុងកម្មវិធីមួយផងដែរកាលពីឆ្នាំ២០១៩៕










