បន្ទាប់ពីធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើនព្រួយបារម្ភពីសុខភាពផ្លូវចិត្ត ជា ស្រីនា បានវិលត្រឡប់មកកាន់បណ្តាញសង្គមវិញហើយក្រោយទទួលបានការលើកទឹកចិត្តជាច្រើន។ Influencer ល្បីឈ្មោះរូបនេះនិយាយទាំងអួលដើមករលីងរលោងទឹកភ្នែកនិងទទួលស្គាល់ថារឿងកាលពីសប្តាហ៍មុនប៉ះពាល់អារម្មណ៍ខ្លាំងតែក៏ទទួលយកព្រោះតែជាបុគ្គលសាធារណៈមិនអាចឱ្យគេចូលចិត្តទាំងអស់បាននោះទេ។

ក្រោយពីស្ងប់ស្ងាត់មួយរយៈមិនលេចមុខនៅលើបណ្តាញសង្គមបន្ទាប់ពីរងនូវការរិះគន់នៅក្នុងកម្មវិធី ទៅស្រុក រដូវកាលទី៣ ជា ស្រីនា បានវិលត្រឡប់មកវិញហើយបន្ទាប់ពីស្ថានភាពផ្លូវចិត្តល្អប្រសើរទទួលបានការលើកទឹកចិត្តពីហ្វេនៗ ក្រុមគ្រួសារនិងមិត្តភក្តិ។ នៅរសៀលថ្ងៃទី១៦ មីនា ជា ស្រីនា បានបង្ហោះវីដេអូ Stories ដោយបាននិយាយថានាងបានបាត់មុខពីបណ្តាញសង្គមហើយបើប្រាប់ថាគ្មានរឿងអ្វីកើតឡើងប្រៀបដូចជាកុហកពេក។ ស្រីនា បានបន្តទៀតថារឿងកាលពីមួយសប្តាហ៍មុន(កម្មវិធីទៅស្រុក) គឺវាប៉ះពាល់អារម្មណ៍នាងខ្លាំងតែនាងទទួលយកដោយសារតែការងារខ្លួនគឺជាមនុស្សសាធារណៈ គ្រាន់តែនាងត្រូវការមើលថែសុខភាពផ្លូវចិត្តដែរ។

Influencer ក្រសោបពាននៅក្រៅប្រទេសរូបនេះបានបន្ថែមទៀតថា មូលហេតុដែលនាងអាចត្រឡប់មកវិញលឿន គឺនាងដឹងគុណទៅកាន់ហ្វេនៗបងប្អូនមិត្តភក្តិ ខណៈ ជា ស្រីនា និយាយទាំងអួលដើមកអមដោយទឹកភ្នែករលីញរលោង។ ក្នុងនោះដែរ ប្រពន្ធ ហេង វិសាល បានបញ្ជាក់ថាពេលនេះស្ថានភាពផ្លូវចិត្តរបស់នាងបានល្អប្រសើរហើយ ហើយការដែលនាងយំនេះគឺដោយសារតែការរំភើបចិត្តពេលឃើញអ្នកគាំទ្រនិងមិត្តភក្តិបានផ្តល់កម្លាំងចិត្តប្រាប់ពីតម្លៃនាងវាជាកម្លាំងចិត្តជំរុញឱ្យនាងត្រឡប់មកវិញ ហើយរឿងនេះបានធ្វើឱ្យនាងរៀនសូត្របានច្រើនពីខ្លួនឯង អ្នកដទៃ តម្លៃមិត្តភាព រៀនសូត្របានច្រើនពីការងារនាង។

ជា ស្រីនា ក៏បានបញ្ជាក់ដែរថានាងមិនបោះបង់ការងារនេះនោះទេនាងស្រលាញ់ការងារធ្វើវីដេអូណាស់ Content Creator គ្មានអ្វីក្រៅពីព្យាយាមអភិវឌ្ឍន៍ខ្លួនឯង មានការដឹងខ្លួនឱ្យបានច្រើនជាងមុនបន្តចែករំលែកអ្វីដែលល្អៗទៅកាន់ហ្វេន…។
គួរបញ្ជាក់ថា ជា ស្រីនា បានរងនូវមតិរិះគន់យ៉ាងច្រើននៅក្នុងកម្មវិធីកម្សាន្តរបស់ស្វាមីគឺលោក ហេង វិសាល ដែលហាក់ដូចជាធ្វើបាប សុភារាជនិងហ្វី៕










