ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ផីផាត់ រ៉ាឆាគិចប្រាកាន (Phipat Ratchakitprakarn) បានប្រកាសដំណឹងល្អសម្រាប់ពលករ ៣សញ្ជាតិ រួមមាន ៖ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលធ្វើការនៅប្រទេសថៃ ថា កិច្ចប្រជុំគណៈកម្មការគោលនយោបាយគ្រប់គ្រងការងារពលករបរទេស បានសម្រេចអនុញ្ញាតឱ្យពលករ ៣សញ្ជាតិ អាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ដោយពុំចំណាយប្រាក់ថ្លៃ Re-Entry Permit (ឬថ្លៃសុំការអនុញ្ញាតត្រឡប់មកប្រទេសថៃវិញ) ។
សេចក្តីសម្រេចក្នុងកិច្ចប្រជុំនេះ គឺជាការគាំទ្រទំនាក់ទំនងផ្នែកការងាររវាងថៃ និងប្រទេសជិតខាង ព្រមទាំងជួយកាត់បន្ថយការចំណាយប្រាក់របស់ពលរដ្ឋបរទេសដែលធ្វើការនៅថៃ ដែលពួកគេត្រូវធ្វើដំណើរទៅលេងក្រុមគ្រួសារ និងចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ ។ ក្រសួងការងារថៃបញ្ជាក់ថា ពលករបរទេស គឺជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចថៃ ការលើកលែងថ្លៃ Re-Entry នេះ គឺជាការគោរពសិទ្ធិ និងផ្តល់អត្ថប្រយោជន៍ដល់ពលករបរទេស ដើម្បីឱ្យពួកគេត្រឡប់មកធ្វើការនៅថៃវិញជាមួយកម្លាំងចិត្ត ។.jpg)
ពេលវេលាដែលពលករ ៣សញ្ជាតិ អាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើត ដោយពុំចំណាយប្រាក់ថ្លៃធ្វើ Re-Entry គឺចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមចំណុចលម្អិតដូចខាងក្រោម ៖
-ពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលមានលិខិតអនុញ្ញាតការងារត្រឹមត្រូវ នឹងអាចធ្វើដំណើរចាកចេញ និងត្រឡប់មកថៃវិញ ដោយពុំចាំបាច់ស្នើសុំ Re-Entry Permit
-រយៈពេលដែលក្រសួងការងារថៃលើកលែងថ្លៃ Re-Entry គឺចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
-បើពលករបរទេសធ្វើដំណើរត្រឡប់មកថៃវិញ ក្រោយថ្ងៃទី១៥ ខែឧសភា ពួកគេនឹងពុំទទួលការលើកលែងថ្លៃ Re-Entry ទេ ហើយត្រូវស្នើសុំការអនុញ្ញាតចូលថៃ ។.jpg)
ចំណែកលោក ស៊ុមឆាយ មរកតស្រ៊ីវ៉ាន់ មន្ត្រីនាយកដ្ឋានស្វែងរកការងារនៃក្រសួងការងារថៃផ្តាំផ្ញើថា សូមពលករត្រឡប់មកថៃវិញតាមពេលកំណត់ គឺមុនថ្ងៃទី១៥ ខែឧសភា ដើម្បីឱ្យពលករទទួលបានសិទ្ធិត្រឹមត្រូវ ។ នាយកដ្ឋានស្វែងរកការងារនឹងប្រកាសពីរយៈពេលលើកលែងថ្លៃ Re-Entry ឱ្យពលករទាំងអស់ជ្រាប និងត្រឡប់មកថៃទាន់ពេលវេលា ដើម្បីកុំឱ្យប៉ះពាល់ការងាររបស់ពលករនៅថៃ ។.jpg)
យើងចង់ឱ្យពលករគ្រប់រូបទទួលបានឱកាសល្អៗ ដោយត្រឡប់ទៅប្រទេសកំណើតជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ និងត្រឡប់មកធ្វើការនៅថៃតាមពេលកំណត់ ។ សូមឱ្យគ្រប់គ្នាតាមដានព័ត៌មាន ឬការប្រកាសរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តតាមលក្ខខណ្ឌត្រឹមត្រូវ ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុមឆាយ ។
គួរបញ្ជាក់ថា ពលករបរទេសដែលទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ហើយពេលចង់ធ្វើដំណើរត្រឡប់មកប្រទេសកំណើតវិញ គឺពលករត្រូវទៅការិយាល័យប៉ូលិសអន្តោប្រវេសន៍ថៃ (ឬភាសាថៃហៅថា ត ម៉) ដើម្បីស្នើសុំ Re-Entry Permit ដោយពលករត្រូវបង់ប្រាក់ថ្លៃ Re-Entry ក្នុងម្នាក់ ចំនួន១ពាន់បាត (ឬជាង៣០ដុល្លារ) សម្រាប់ការឆ្លងដែន ១លើក ។ Re-Entry គឺជាការសុំអនុញ្ញាតត្រឡប់មកប្រទេសថៃវិញ ឬរក្សាសិទ្ធិទិដ្ឋាការ បើពលករពុំបានធ្វើ Re-Entry ទេ ពួកគេនឹងអស់សិទ្ធិធ្វើការនៅថៃ ៕










