ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រដ្ឋបាលខេត្តកំពតក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន បាននាំយកមកនូវសមិទ្ធផលទេសចរណ៍ថ្មីប្លែកមួយបន្ថែមទៀត គឺទឹករាំតាមភ្លេងអមដោយភ្លើងចម្រុះពណ៌។
ទឹករាំតាមបទភ្លេងអមដោយភ្លើងចម្រុះពណ៌ ត្រូវបានដាក់ឱ្យដំណើរសាកល្បងជាលើកដំបូង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។
សមិទ្ធផលទេសចរណ៍ថ្មីនេះ មានទីតាំងនៅកណ្តាលព្រែកកំពង់បាយ ក្រុងកំពត ត្រង់ចំណុចមុខសាលាខេត្ត និងនាឡិកាខ្នាតធំ។
តាមរយៈការសាងសង់ទឹករាំតាមបទភ្លេងនេះ ពលរដ្ឋដែលប្រកបអាជីវកម្មនៅក្នុងក្រុងកំពត សង្ឃឹមថានឹងកាន់តែទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែច្រើនមកលេងកម្សាន្ត។
គួរបញ្ជាក់ថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ស្ថិតនៅទិសនិរតី នៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ១៤៨គីឡូម៉ែត្រ។ បច្ចុប្បន្នខេត្តនេះ គឺជាខេត្តមួយដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ ក្រោយមានការសាងសង់សមិទ្ធផលថ្មីៗជាបន្តបន្ទាប់៕










