ជុំវិញការបែកគ្នារបស់ យ៉ាយ៉ា និង សេង បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែស្នេហា៨ឆ្នាំរបស់អ្នកទាំងពីរត្រូវមកបញ្ចប់ក្រោមហេតុផលម្តាយខាងប្រុសមិនពេញចិត្តខាងស្រីនិងការមានដៃគូថ្មីដែលគេល្អចំពោះខ្លួនមិនអាចចោលគេបាន។ លើសពីនេះទៅទៀត សេង បានចេញបទចម្រៀងនិយាយពីរឿងអតីតកាលស្នេហារបស់ខ្លួនប៉ុន្តែត្រូវបានទស្សនិកជនជាច្រើនបញ្ចេញមតិរិះគន់។
ស្នេហាប្រេះឆារវាង យ៉ាយ៉ា និង សេង បានបញ្ចប់មួយរយៈមកហើយប៉ុន្តែនាថ្មីៗនេះស្រាប់តែរង្គោះរង្គើពេញបណ្តាញសង្គមឡើងវិញព្រមទាំងមានមតិរិះគន់យ៉ាងខ្លាំងទៅកាន់ខាងប្រុស។ នេះនាំឱ្យរឿងរ៉ាវអតីតកាលនិងពាក្យសន្យារបស់ សេង ទៅកាន់ យ៉ាយ៉ា នឹងរស់នៅជាមួយគ្នាដឹកដៃគ្នាចូលរោងការប្រែទៅជាសន្យាខ្យល់។
កាលពីថ្ងៃទី៥ មីនា សេង បានចេញបទចម្រៀងមួយបទ មានចំណងជើងថា «៨ឆ្នាំ?» ដោយក្នុងអត្ថន័យបទនេះបានបង្ហាញពីការបែកគ្នារវាងលោកនិងយ៉ាយ៉ា គ្មានអ្នកណាខុសអ្នកណាត្រូវមិនអាចបន្តព្រោះតែការអស់ចិត្ត មិនចង់រៀបរាប់ច្រើននាំឱ្យបំពុលសង្គម។ យ៉ាងណាក្រោយពីចេញបទចម្រៀងនេះរួច យ៉ាយ៉ា បានចេញមក live ប្រាប់អ្នកគាំទ្រជាហេតុ សេង ត្រូវរងនូវមតិរិះគន់យ៉ាងខ្លាំង។
ស្នេហាដែលតស៊ូមក៨ឆ្នាំជាមួយតាំងពីមិនទាន់មានអ្វីជាដុំកំភួន យ៉ាយ៉ា បានចេញមកបញ្ជាក់ជាថ្មីថា អ្នកទាំងពីរបានបែកគ្នាហើយប៉ុន្តែចង់មានឱកាសចាប់ផ្តើមជាមួយគ្នាសាជាថ្មីព្រោះតែក្តីស្រលាញ់ហើយខាងប្រុសប្តេជ្ញានិងសន្យាថានឹងបែកគ្នាជាមួយអ្នកថ្មីដោយសុំឱ្យនាងទុកពេលដើម្បីមានពេលវេលាសមស្របណាមួយបញ្ចប់ទំនាក់ទំនងជាមួយដៃគូថ្មី។
យ៉ាយ៉ា បានបន្ថែមទៀតថា ខ្លួនសុខចិត្តចាំ សេង បែកគ្នាជាមួយអ្នកថ្មី ប៉ុន្តែគេមិនបែកគ្នាជាមួយអ្នកថ្មីដោយបានយកលេសថាម្តាយរបស់ខ្លួនមិនពេញចិត្តនាង ហើយមួយទៀតនោះគឺនិយាយថាចោលគេមិនបានព្រោះគេល្អដាក់ខ្លួនមិនដឹងមានហេតុផលអ្វីទៅសុំបែក៕