តារាចម្រៀង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានចាប់ដៃគូជាប្តីប្រពន្ធគ្នាជិត២០ឆ្នាំមកហើយអាចថាជាគូស្នេហ៍គំរូមួយក្នុងវិស័យសិល្បៈដែលមានតែរឿងរ៉ាវផ្អែមល្ហែមឱ្យគ្នា។ បើតាមការរៀបរាប់របស់អ្នកនាង យក់ ថិតរដ្ឋា បានឱ្យដឹងថាចំណងស្នេហ៍អ្នកទាំងពីរគឺផ្តើមចេញពីមិត្តភក្តិរហូតក្លាយជាគូជីវិតធ្វើឱ្យអ្នកគាំទ្រស្តាប់ហើយញញឹមតែម្នាក់ឯង។

នៅក្នុងកម្មវិធី តាម Trend តារាចម្រៀង យក់ ថិតរដ្ឋា បានរៀបរាប់ពីប្រវត្តិស្នេហ៍ជាមួយលោក ឃុំ ប៉ុណ្ណាដែត ជាស្វាមីថា អ្នកទាំងពីរពីមួយឆ្នាំទៅមួយឆ្នាំពីមិត្តភក្តិក្លាយជាគូស្នេហ៍ហើយមិនបានប្រាប់អ្នកណានោះទេប៉ុន្តែឪពុកម្តាយទាំងសងខាងដឹងឮពីទំនាក់ទំនង។ អ្នកនាងបន្តទៀតថា លោក ឃុំ ប៉ុណ្ណាដែត តែងតែជូនទៅផ្ទះ ភាពស្និទ្ធស្នាល ឆាតសួរសុខទុក្ខ ខ្វល់ខ្វាយ ហើយសកម្មភាពទាំងនេះធ្វើឱ្យឆាប់បាក់ចិត្តខ្លាំងចំពោះសកម្មភាពបន្តិចៗលើសពីមិត្តភក្តិ។

តារាចម្រៀង យក់ ថិតរដ្ឋា ថាការខ្វល់ខ្វាយរបស់លោក ឃុំ ប៉ុណ្ណាដែត ជាស្វាមីពីមួយថ្ងៃទៅមួយថ្ងៃខ្លួនរក្សាចិត្តរហូតដល់ស្រលាញ់គ្នាបាន២ឆ្នាំទើបបានចូលក្រុម EV ដល់ពេលមិត្តភក្តិនិងមិត្តភក្តិស្រលាញ់គ្នាហើយពេលទៅធ្វើការតាមខេត្តគឺលោក ឃុំ ប៉ុណ្ណាដែត ជួយមើលការខុសត្រូវក្នុងនោះក៏មានអ្នកនាង ឱក សុគន្ធកញ្ញា ប៉ុន្តែចំពោះខ្លួនវិញគឺទទួលបានពីលោក ឃុំ ប៉ុណ្ណាដែត លើសគេ។
ម្ចាស់បទ«ភ្លើង» បានរៀបរាប់ថា លោក ឃុំ ប៉ុណ្ណាដែត មិនបានសារភាពចំពោះការស្រលាញ់ប៉ុន្តែបានបង្ហាញទង្វើឱ្យដឹងច្រើនជាង ហើយប្រាប់ប៉ាម៉ាក់នាំផ្លែឈើយកចូលផ្ទះតែម្តង។
គួរបញ្ជាក់ថា អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៦ ហើយទទួលបានកូនប្រុសស្រីចំនួន៣នាក់ជាចំណងដៃ ដោយកូនប្រុសច្បងរបស់អ្នកទាំងពីរគឺ ឃុំរដ្ឋា ណាលីដូ មានដុងសិល្បៈដូចជាឪពុកម្តាយថែមទាំងពេញកំលោះស្រស់សង្ហាផងដែរ៕










