ក្នុងចំណោមផ្លែឪឡឹកជាង ១,២០០ ពូជដែលដាំដុះនៅជុំវិញពិភពលោក គ្មានពូជណាដែលមានតម្លៃថ្លៃដូចពូជឪឡឹក Densuke នេះទេ។ ពូជឪឡឹកនេះល្បីល្បាញដោយសារសំបកខ្មៅ រសជាតិផ្អែមខ្លាំង ហើយសាច់ឪឡឹកស្ទើរតែគ្មានគ្រាប់ ត្រូវបានដាំដុះផ្តាច់មុខតែនៅភាគខាងជើងនៃកោះហុកកៃដូ ប្រទេសជប៉ុនប៉ុណ្ណោះ។ ជាមួយបរិមាណតិចតួច ឪឡឹក Densuke ត្រូវបានគេចាត់ទុកថា ជាឪឡឹកដ៏កម្របំផុតនៅលើពិភពលោក ដោយសារតែវាមិនមែនជាប្រភេទផ្លែឈើដែលគ្រប់គ្នាអាចរកបាននៅតាមទីផ្សារ ឬហាងទំនិញធំៗនោះឡើយ។
កាលពីឆ្នាំ ២០០៨ ពូជឪឡឹកសម្បកខ្មៅ Densuke មានតម្លៃរហូតដល់ ៦ ពាន់ដុល្លារអាមេរិកក្នុងមួយផ្លែឯណោះ ប៉ុន្តែដោយសារភាពប្រែប្រួល គិតមកដល់ឆ្នាំ ២០២៥ នេះឪឡឹកសម្បកខ្មៅ Densuke មានតម្លៃត្រឹមតែ ១៨៨ ទៅ ២៨៣ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយផ្លែ នេះបើយោងតាមគេហទំព័របរទេស Oddity central។ ទោះបីជាតម្លៃរបស់វាមិនឋិតថេរ និងចុះថោកបន្តិចក៏ដោយ ឪឡឹក Densuke នៅតែត្រូវបានគេចាត់ទុកថាជាផ្លែឪឡឹកដែលមានតម្លៃថ្លៃបំផុត។.png)
មូលហេតុដែលពូជឪឡឹកសម្បកខ្មៅ Densuke មានតម្លៃថ្លៃ គឺដោយសារវាជាផ្លែឈើកម្រ មានដាំដុះតែក្នុងតំបន់ហុកកៃដូប៉ុណ្ណោះ ជាមួយអតិបរមា ១០.០០០ ផ្លែក្នុងមួយឆ្នាំ។ លើសពីនេះឪឡឹក Densuke ក៏មានគុណភាពខ្ពស់ រូបរាងល្អស្អាត ជាមួយការជ្រើសរើសយ៉ាងម៉ត់ចត់ ត្រូវបានមនុស្សជាច្រើនទិញវាសម្រាប់ជាកាដូដ៏ប្រណីតដល់មនុស្សសំខាន់ និងជាប្រភពកិត្តិយសសិល្បៈកសិកម្មជប៉ុនផងដែរ។.png)
ហេតុនេះសម្រាប់តម្លៃជាង ២០០ ដុល្លារអាមេរិកក្នុងមួយផ្លែ ឪឡឹក Densuke ត្រូវបានវេចខ្ចប់ក្នុងប្រអប់ក្រដាសកាតុងធ្វើកេសដែលតុបតែងយ៉ាងស្រស់ស្អាត និងរួមបញ្ចូលវិញ្ញាបនបត្រប្រភពដើម ព្រោះភស្តុតាងនៃភាពត្រឹមត្រូវគឺមានសារៈសំខាន់ណាស់។ បន្ថែមពីនេះទៀត វាក៏ត្រូវបានផ្តល់ជូនជាញឹកញាប់បំផុតជាអំណោយ ដើម្បីបង្ហាញពីការគោរពការដឹងគុណ និងដើម្បីរក្សាទំនាក់ទំនងឱ្យរលូនទៀតផង៕










