ឆ្នាំ២០២៥នេះ ការរកឃើញថ្មីៗ កាន់តែអស្ចារ្យជាងមុន ។ សម្រាប់អ្នកដែលស្រឡាញ់សត្វ អ្នកចង់ដឹងពីសត្វ គឺលែងបារម្ភទៀតហើយ អ្នកនឹងបានដឹងពីតម្រូវការរបស់សត្វដ៏ឆ្លាតវៃរបស់អ្នក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទាក់ទងនឹងទឹកមុខ អារម្មណ៍ និងការស្រេកឃ្លានចង់បានពីសត្វចិញ្ចឹមរបស់លោកអ្នក ។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យនានាលើពិភពលោក បានអភិវឌ្ឍន៍បច្ចេកវិទ្យា AI ឱ្យចងចាំពីអារម្មណ៍របស់សត្វចិញ្ចឹម ដូចជា ៖ សត្វសេះ សត្វឆ្មា ជ្រូក និងឆ្កែ ការចងចាំ AI អាចជួយឱ្យកសិករ និងគ្រូពេទ្យសត្វ បានដឹងពីការឈឺចាប់របស់សត្វ តាមរយៈការប្រើប្រាស់ AI វិភាគលើទឹកមុខ និងអាកប្បកិរិយាសត្វ ។ ហេតុនេះ កសិករអាចឆ្លើយតបនឹងតម្រូវការរបស់សត្វបានយ៉ាងឆាប់រហ័ស ក៏ដូចជាជួយឱ្យគ្រូពេទ្យសត្វ ធ្វើរោគវិនិច្ឆ័យ និងព្យាលជំងឺសត្វមានប្រសិទ្ធភាពជាងមុន ។.png)
កម្មវិធីវិភាគទឹកមុខសត្វ ឈ្មោះ «Intellipig» បង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of the West of England Bristol និង Scotland’s Rural College ប្រទេសអង់គ្លេស ។ កម្មវិធីនេះនឹងបង្ហាញសញ្ញាការឈឺចាប់រាងកាយ និងបង្ហាញអារម្មណ៍ទុក្ខព្រួយរបស់ជ្រូកដែលពួកគេយកមកពិសោធន៍ ហើយវានឹងជូនដំណឹងដល់កសិករ ពេលមានអ្វីប្លែក ដើម្បីឱ្យកសិករអាចដោះស្រាយបញ្ហា និងកែលម្អកសិដ្ឋានចិញ្ចឹមសត្វរបស់ខ្លួនយ៉ាងឆាប់រហ័ស ។
កម្មវិធី AI មួយទៀត គឺជាការអភិវឌ្ឍ Software ដែលបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Haifa ប្រទេសអ៊ីស្រាអែល ដែលកម្មវិធីនេះនឹងចងចាំទឹកមុខឆ្កែ ហើយប្រើប្រាស់សម្រាប់ការតាមរកឆ្កែបាត់ ។ បច្ចុប្បន្ន អ្នកស្រាវជ្រាវអ៊ីស្រាអែលកំពុងបង្ហាត់ AI ឱ្យផ្តល់សញ្ញាពីការមិនសប្បាយចិត្តលើផ្ទៃមុខរបស់ឆ្កែ គឺឆ្កែបានផ្លាស់ប្តូរទឹកមុខរហូតដល់៣៨% ស្រដៀងនឹងមនុស្សយើងដែរ នៅពេលពួកវាមិនសប្បាយចិត្ត ។.png)
ដោយឡែក ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University de São Paulo ប្រទេសប្រេស៊ីល បានសាកល្បងប្រើប្រាស់រូបភាពផ្ទៃមុខសត្វសេះ មុននិងក្រោយពេលវះកាត់ ព្រមទាំងផ្ទៃមុខសេះ មុននិងក្រោយពេលផ្តល់ ថ្នាំបំបាត់ការឈឺចាប់ ។ រួចហើយ ពួកគេក៏វិភាគ និងបង្ហាត់ AI ឱ្យចាប់សញ្ញាលើភ្នែក ត្រចៀក និងមាត់សេះ ។ លទ្ធផលបង្ហាញថា AI អាចផ្តល់សញ្ញាការឈឺចាប់របស់សេះ ហើយការសាកល្បងនេះបានទទួលជោគជ័យរហូតដល់៨៨% ។
ការដាក់បង្ហាញបច្ចេកវិទ្យា AI ដែលបង្ហាញពីអារម្មណ៍សត្វនេះមានប្រយោជន៍ខ្លាំងណាស់ ពីព្រោះអាចជួយឱ្យម្ចាស់ ឬអ្នកថែទាំសត្វ យល់ពីអារម្មណ៍សត្វបានល្អ និងថែទាំសត្វបានត្រឹមត្រូវ ។ លើសពីនេះ វានឹងជួយឱ្យមនុស្ស និងសត្វយល់ពីគ្នា ឬធ្វើឱ្យទំនាក់ទំនងរវាងមនុស្ស និងសត្វកាន់តែល្អខ្លាំងឡើង នាថ្ងៃអនាគត ៕










