បុព្វបុរស ដូនតាខ្មែរយើងពិតជាពូកែ គឺលោកបានដឹងមុនអ្នកវិទ្យាសាស្ត្រសម័យទំនើប ។ លោកតែងតែពោលសរសើរថា «ទឹកដីនេះល្អ អ្នករស់នៅក៏ស្អាតៗដែរ» ឬក៏និយាយតាមពាក្យចាស់លោកពោលថា ៖ «ទឹកដីតំបន់នឹងលើកសាច់ លើកសម្រស់អ្នកនៅក្នុងតំបន់នោះ ទឹកដីជួយលើកសម្រស់ សុខភាពមនុស្សយើង» ថ្ងៃនេះ អ្នកវិទ្យាសាស្ត្របានមកបកស្រាយការពិតហើយ ។ 
អ្នកជំនាញសុខភាពបានលើកឡើងថា «អ្នកដែលរស់នៅប្រទេសមានអាកាសធាតុក្តៅ នឹងឆាប់ចាស់ជាងអ្នករស់នៅតំបន់ត្រជាក់» តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នករស់នៅតំបន់ទាំងនោះឆាប់ចាស់ជាង បើទោះជាប្រភេទស្បែកដូចៗគ្នាក៏ដោយ ឱ្យតែយើងប្តូរទីតាំងរស់នៅនោះ រូបសម្រស់ក៏ប្រែខុសៗគ្នាដែរ ។ តើការរស់នៅតំបន់ដែលមានអាកាសធាតុក្តៅខ្លាំងពិតជាធ្វើឱ្យយើងឆាប់ចាស់ជាងវ័យ មែនទេ?.png)
ការស្រាវជ្រាវថ្មីមួយរបស់អាមេរិកបង្ហាញថា អ្នករស់នៅតំបន់មានអាកាសធាតុក្តៅខ្លាំងនឹងឆាប់ចាស់មុនអាយុ ជាងអ្នករស់នៅតំបន់ត្រជាក់ ដោយសារការផ្លាស់ប្តូរម៉ូលេគុលក្នុងរាងកាយ ហើយផលប៉ះពាល់រាងកាយនឹងកាន់តែធ្ងន់ធ្ងរខ្លាំងឡើងសម្រាប់អ្នកមានអាយុច្រើន ។ អ្នកស្រាវជ្រាវបញ្ជាក់ថា អាកាសធាតុក្តៅពិតជាធ្វើឱ្យប៉ះពាល់សុខភាពពុំគួរឱ្យជឿ ជាពិសេស ភាពជរា ។.png)
ការស្រាវជ្រាវនេះបង្ហាញថា បើទោះជាយើងពុំបានស្លាប់ដោយសារអាកាសធាតុក្តៅ ប៉ុន្តែអាកាសធាតុក្តៅនឹងប៉ះពាល់ដល់សុខភាព និងធ្វើឱ្យមនុស្សឆាប់ចាស់ជាងវ័យ បើទោះជាយើងបានហាត់ប្រាណ និងពុំជក់បារីក្តី ។ នេះបើតាមការលើកឡើងរបស់ Mariana Arcaya សាស្ត្រាចារ្យផ្នែកសុខភាពនៅវិទ្យាស្ថានម៉ាសាឈូសេត សហរដ្ឋអាមេរិក ។
ការស្រាវជ្រាវខាងលើបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Science Advances ដែលក្រុមអ្នកស្រាវជ្រាវបានសាកល្បងលើពលរដ្ឋអាមេរិក ចំនួន៣,៦០០នាក់ មានអាយុចាប់ពី៥៦ឆ្នាំឡើងទៅ ព្រមទាំងប្រមូលសំណាកឈាមតាមពេលវេលារយៈពេល៦ឆ្នាំ ។ បន្ទាប់មក ពួកគេយកមកវិភាគដើម្បីពិនិត្យមើលការផ្លាស់ប្តូរផ្នែក Epigenetics ដែលបញ្ជាក់ពីភាពត្រឹមត្រូវរបស់ DNA ។
ក្រុមអ្នកស្រាវជ្រាវក៏ប្រមូលទិន្នន័យមកបញ្ចូលក្នុងសន្ទស្សន៍កំដៅនៅទីកន្លែងនីមួយៗ ដែលអ្នកចូលរួមសាកល្បងកំពុងស្ថិតនៅ ។ ការវិភាគបង្ហាញថា អ្នករស់នៅក្នុងតំបន់ក្តៅខ្លាំងនឹងឆាប់ចាស់មុនអាយុ ជាងអ្នករស់នៅតំបន់ត្រជាក់ បើទោះជាពួកគេបានហាត់ប្រាណ និងពុំជក់បារីក្តី ។.png)
ប៉ុន្តែក្រុមអ្នកស្រាវជ្រាវពុំប្រាកដចិត្តថា ហេតុអ្វីបានជាភាពចាស់ជរារបស់មនុស្សពាក់ព័ន្ធនឹងអាកាសធាតុក្តៅ ។ ក្រៅពីនេះ ក៏មានសំណួរជាច្រើនទៀតដែលពួកគេត្រូវឆ្លើយ ដូចជា ៖ តើអាកាសធាតុក្តៅធ្វើឱ្យមនុស្សឆាប់ចាស់ដោយរបៀបណា? តើការរស់នៅតំបន់ក្តៅខ្លាំងរយៈពេលខ្លី នឹងធ្វើឱ្យមនុស្សឆាប់ចាស់ដែរឬទេ? តើការរស់នៅតំបន់ត្រជាក់ពិតជាអាចពន្យារពេលភាពចាស់ជរា មែនទេ? ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ការស្រាវជ្រាវផ្សេងទៀតនឹងអាចបកស្រាយចម្ងល់ទាំងនេះបាន ៕










