ជឿជាក់ថា ប្រជាជនខ្មែរគ្រប់ៗរូបប្រាកដជាស្គាល់យ៉ាងច្បាស់ហើយសំបកណែមបន្ទះស្តើងៗ ធ្វើចេញពីអង្ករ ត្រូវបានចាត់ទុកថាជាមុខរបរប្រពៃណីនិងផលិតផលក្នុងស្រុកដ៏ទាក់ទាញ របស់អ្នកភូមិមួយ រស់នៅក្នុងខេត្តបាត់ដំបង។

ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង គឺជាទីតំាងដែលប្រជាពលរដ្ឋខ្មែររស់នៅទីនោះ បាននឹងកំពុងប្រកបរបរផលិតសំបកណែម ដែលជាទំនៀមទម្លាប់ប្រពៃណីតំាងពីបុរាណកាលមកម្លេះ។ ក្រៅតែពីជាទំនៀមទម្លាប់ប្រពៃណីហើយ សំបកណែម ថែមទាំងជាផលិតផលទេសចរណ៍ក្នុងស្រុកមួយដ៏ទាក់ទាញទៀតផង។ នៅតាមដងផ្លូវធ្វើដំណើរនៅឯភូមិមួយនេះ អ្នកទាំងអស់គ្នានឹងប្រទះឃើញ ផ្ទះប្រជាពលរដ្ឋ ហាលសុទ្ធតែសំបកណែម ព្រោងព្រាត ខណៈក៏អាចចូលទៅទស្សនាឈ្វេងយល់ពីរបៀបនៃការធ្វើផងដែរ។.png)
នៅក្នុងតំបន់អាស៊ីយើងនេះ គេតែងប្រើប្រាស់សំបកណែម ទៅច្នៃធ្វើជាអាហារជាច្រើនមុខយ៉ាង តួយ៉ាងដូចជាកម្ពុជាយើង ណែមបំពងនិងណែមស្រស់ៗ ដែលអ្នកខ្លះហៅថា គួងនិងសារយ៉ យកទៅជ្រលក់ជាមួយទឹកត្រីបុកយ៉ាងឆ្ងាញ់ពិសារ។ ខណៈដែល បាញ់ត្រាំង ក៏គេធ្វើពីសំបកណែមនេះដែរ ដោយកាត់តូចៗ លាយជាមួយនឹងគ្រឿងទេស ជាអាហារសំរន់ដ៏ពេញនិយមក្នុងចំណោមយុវវ័យ។
.png)
សូមជម្រាបថា សំបកណែម គឺផលិតចេញពីម្សៅអង្ករសុទ្ធសាធ។ ដំបូងគេយកម្សៅអង្ករត្រាំទឹកមួយយប់ រួចចំហុយដោយចំហាយទឹកហើយ យកម្សៅអង្ករទៅវាច លើក្រណាត់ដែលចងគ្របពីលើមាត់ឆ្នាំង។ បន្ទាប់មកគេយកសន្លឹកសំបកណែម ដែលវាចរួចនោះទៅសំដិលហាល លើបន្ទះពិនដែលបិតពីខ្នងឫស្សី មានក្រឡាប្រហែល២សង់ទីម៉ែត្រ ហាលក្រោមពន្លឺព្រះអាទិត្យរហូតដល់ស្ងួត៕









