ថ្មីៗនេះ សុវត្ថិ មុន្នីនាគ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ថាលោកបានបង្ហាញខ្លួននៅក្រៅប្រទេសនិងបានបញ្ចេញក្បាច់រាំយ៉ាងរស់រវើក ព្រមទាំងបង្ហើរសំនៀងជាភាសាអង់គ្លេសថែមទៀត។ ទឹកដមសំឡេងកូនប្រុសទី២របស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ទៅលើភាសាអង់គ្លេសទទួលបានការសរសើរគួរឱ្យកត់សម្គាល់ដែលនេះបញ្ជាក់ថាកូនខ្មែរមិនអន់នោះទេ។

សុវត្ថិ មុន្នីនាគ ហាក់មិនបានបង្ហាញសកម្មភាពសិល្បៈនោះទេចាប់តាំងពីចាកចេញពីទ្រនំចាស់ និងបន្ទាប់ពីម្តាយរបស់ខ្លួនបានចេញមកបដិសេធចំណងស្នេហ៍ជាមួយតារាចម្រៀងរ៉េត ស៊ូហ្សាណា ។ អំឡុងពេលនៅទ្រនំចាស់និងចាប់ដៃគូជាមួយគ្នាអ្នកទាំងពីរទទួលបានភាពល្បីល្បាញនិងការគាំទ្រយ៉ាងច្រើន។
ក្រោយពីហាក់មិនសូវបង្ហាញសកម្មភាពសិល្បៈនិងចេញមុខតាមកម្មវិធីនានា នារយៈចុងក្រោយនេះ សុវត្ថិ មុន្នីនាគ ត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញថាលោកកាន់តែដុសខាត់ទេពកោសល្យរបស់ខ្លួនបន្ថែម។ ក្នុងនោះលោកបានបង្ហោះវីដេអូនៅលើបណ្តាញសង្គមទិកតុក និងនៅលើ IG ពីការបញ្ចេញក្បាច់រាំដ៏រស់រវើកដូចអ្នករាំអាជីពជាមួយជាតិសាសន៍ដទៃដោយបានដាក់Hastag ស្ថិតនៅទីក្រុង Los Angeles សហរដ្ឋអាម៉េរិក។

បន្ទាប់ពីបញ្ចេញទេពកោសល្យទៅលើការរាំនិងទទួលបានមតិសរសើរជាច្រើននាពេលថ្មីៗនេះ សុវត្ថិ មុន្នីនាគ ក៏បានបញ្ចេញវីដេអូដែលកំពុងចម្អិនបទថ្មីដែលទំនងអាចជាភាសាអង់គ្លេស។ ទោះបីជាបង្ហើបតែបន្តិចប៉ុន្តែវីដេអូខ្លីនោះហាក់ទទួលបានការចាប់អារម្មណ៍ពីអ្នកលេងទិកតុកនិងទទូចឱ្យរូបគេទម្លាក់បទពេញជាដើម។
នេះបញ្ជាក់ថាការស្ងប់ស្ងាត់របស់ សុវត្ថិ មុន្នីនាគ លើទីផ្សារក្នុងស្រុកមានភាគរយខ្ពស់លោកហាត់ហ្វឹកហាត់ចំណេះជំនាញបន្ថែមទៀតលើអាជីពទាំងការរាំនិងច្រៀងបរទេសហើយសមត្ថភាពកូនខ្មែររូបនេះចេញមកមិនចាញ់គេប៉ុន្មានទេ៕










