ប្រិយមិត្តមួយចំនួនបានជ្រាបមកហើយថាតារាចម្រៀង នីកូ សុគន្ធ និសា និង នួន សុធារ័ក្ស បានបង្ហាញញស្នាដៃរួមគ្នាទៅលើការថតចម្រៀងដែលឆ្លុះបញ្ចាំងពីសាច់រឿង ឃុនឆាង ឃុនផែន។ តាមការបញ្ជាក់របស់ នីកូ ក្នុងបទសម្ភាសន៍ដំណើរការថត MV នេះគឺចំណាយដល់ជាង៣ម៉ឺនដុល្លារហើយការជ្រើសយកសាច់រឿងនេះមកគឺបំពេញតាមក្តីស្រមៃរបស់ខ្លួននៅពេលជួយការងារឪពុកថតរឿងនេះកាលពីឆ្នាំ២០០៦។

ក្នុងបទសម្ភាសន៍ 3fun ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី១៧ មករា លោក នីកូ អ្នកនាង សុគន្ធ និសា និងលោក នួន សុធារ័ក្ស មានវត្តមានជុំគ្នានៅក្នុងកម្មវិធីហើយបានរៀបរាប់ទាក់ទងនឹងវីដេអូចម្រៀងពីរឿង ឃុនឆាង ឃុនផែន។ លោក នីកូ ដែលជាតួអង្គសម្តែង ឃុន ផែន និងជាអ្នកផ្តួចផ្តើមគំនិតនិងការដឹកនាំសាច់រឿងនេះផ្ទាល់បានទម្លាយថា ដំណើរការរៀបចំគឺមានរយៈពេលយូររាងពិបាកហើយការថតចម្រៀងមានចំនួន៥ថ្ងៃ និងចំណាយទឹកប្រាក់ជាង៣ម៉ឺនដុល្លារ។
លោក នីកូ បានបន្តទៀតថា ដោយសារលោកជាមនុស្សចូលចិត្តទិញហូលខ្មែរទុកដូច្នេះការចំណាយលើសំលៀកបំពាក់មិនប៉ុន្មាននោះទេ តែអស់ច្រើនទៅលើការរៀបចំ។ តារាចម្រៀងរូបនេះថា ដំបូងឡើយមិនធ្វើដល់ថ្នាក់ហ្នឹងនោះទេតែថតពីមួយថ្ងៃទៅមួយថ្ងៃមានការទើសថាវាមិនល្អមិនទាន់គ្រប់គ្រាន់ថែមរហូត។ លោក នីកូ ថាបើជ្រុលជាធ្វើតាមក្តីស្រមៃខ្លួនឯងហើយលោកនឹងព្យាយាមធ្វើឱ្យបទមួយនេះធ្វើជាក្តីស្រមៃពិតប្រាកដរបស់ខ្លួន។

តារាចម្រៀង នីកូ បានបង្ហើបដែរថា ការជ្រើសយកសាច់រឿងឃុនឆាង ឃុនផែនព្រោះជាការបង្ហាញឱ្យកូនខ្មែរទាំងអស់បានដឹងពីប្រវត្តិស្នេហា ឃុនឆាង ឃុនផែន ខណៈដែលមានការគិតថារឿងមួយនេះជារបស់ប្រទេសផ្សេង ប៉ុន្តែធាតុពិតយើងមានតឹកតាងចេតិយឃុនឆាងឃុនផែនស្ថិតនៅក្នុងខេត្តកោះកុង មានវាលទាត់សីមកដល់បច្ចុប្បន្ននេះដូចគ្នា និងស្រុកដងទង់ នៅពេលដែលដងទង់ព្រលឹងរបស់នាងភឹមយកទៅដោតគឺជាស្រុកដងទង់។

ស្របតាមក្តីស្រមៃរបស់ខ្លួនលោក នីកូ ថាកាលពីឆ្នាំ២០០៦ លោកជាក្មេងម្នាក់ដែលជួយឪពុកកាន់សេណាដេយ៉ូដែលឪពុកលោកគឺជាអ្នកដឹកនាំរឿងហ្នឹងហើយស្រមៃថាថ្ងៃណាមួយលោកនឹងសម្តែងជាឃុនផែនឱ្យបានដើម្បីបង្ហាញពីអារម្មណ៍ពិតប្រាកដនៅពេលបាត់បង់មនុស្សជាទីស្រលាញ់។ ចំពោះការថតសាច់រឿងដែលមានបទចម្រៀង ប្រាប់ផង របស់ នីកូ និង ម្នាក់ស្រលាញ់ម្នាក់អាណិត របស់អ្នកនាង សុគន្ធ និសា តួអង្គទាំង៣ខាងលើនិយាយថាមានការជួយគ្នាដាក់មនោសញ្ចេតនាទាំងអស់គ្នាបើទោះបីជាតួអង្គនោះមិនបានចេញមុខក៏ដោយ៕










