ថ្មីៗនេះ Rosé សមាជិក BLACKPINK បានបង្ហាញខ្លួននៅក្នុងបទសម្ភាសន៍មួយដោយនាងបានឆ្លើយសំណួរជាច្រើនអំពីជីវិត អាជីព និងអាល់ប៊ុមដំបូងរបស់នាងដែលភ្ជាប់ទៅនឹងឧបករណ៍ចាប់កុហក។ ក្នុងបទសម្ភាសន៍នេះ Rosé បានស្រាយមន្ទិលជុំវិញពាក្យចចាអារ៉ាមនាងនិង Jaden Smith កូនប្រុសរបស់ Will Smith។
បទចម្រៀងមួយបទរបស់ Rosé ដែលមានចំណងជើងថា «Toxic Till the End» បានបង្កឱ្យមានពាក្យចចាមអារ៉ាមថា តើនរណាជាអតីតរបស់តារាចម្រៀងស្រីរូបនេះខណៈមានមតិភាគច្រើនគិតថាជា Jaden Smith ដោយផ្អែកទៅលើម៉ូតសក់របស់តួប្រុសក្នុង MV គឺមានលក្ខណៈស្រដៀងទៅនឹង Jaden ។ បទនេះគឺនិយាយពីទំនាក់ទំនងរបស់ Rosé និងអតីតគូស្នេហ៍របស់ខ្លួនទើបធ្វើឱ្យមានពាក្យចចាមអារ៉ាមនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
យ៉ាងណាមិញ Rosé បានផ្តល់ចម្លើយថា បទខាងលើនេះមិនមែននិយាយអំពី Jaden Smith ទេដោយនាងបានឆ្លើយទាំងសើច។ មិនត្រឹមតែប៉ុណ្ណោះ Rosé បានបន្ថែមថា Jaden Smith ជាមិត្តដ៏ល្អម្នាក់របស់នាងដោយបង្ហាញការនឹករម្លឹកទៅកាន់កូនប្រុសតារាសម្តែងល្បីឈ្មោះ Will Smithផងដែរ។ អ្នកសម្ភាសន៍បានសួរថាតើអ្នកទាំងពីរធ្លាប់ណាត់ជួបដែរឬអត់ ដែលនាងក៏បដិសេធ។ ចម្លើយទាំងពីរត្រូវបានផ្ទៀងផ្ទាត់ថាជាការពិតនេះបើយោងតាមការធ្វើតេស្តឧបករណ៍កុហក។
ជាមួយគ្នានេះដែរ Rosé ក៏បានបញ្ជាក់ចំពោះពាក្យសម្តីរបស់ Bruno Mars ដែលបង្ហោះនៅលើបណ្តាញសង្គម Instagram ខណៈពេលដែលពួកគេកំពុងផ្សព្វផ្សាយបទ «APT» ដែលក្នុងនោះ Bruno Mars បានអះអាងថានាងព្យាយាមថើបលោក Rosé បានចែករំលែកថា វាមិនមែនជាការពិតទេ ដោយបន្ថែមថា Bruno Mars គឺអ្នកកុហក»៕










