ប្រទេសចិន ៖ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ថា បានបញ្ចូលឈ្មោះក្រុមហ៊ុនអាមេរិកចំនួន៧ទៀតទៅក្នុងបញ្ជីខ្មៅ ដែលកំណត់ថា គឺជាក្រុមហ៊ុនពុំគួរឱ្យទុកចិត្ត (Unreliable Entities List) ដោយសារក្រុមហ៊ុនទាំងនេះលក់អាវុ.ធ ឱ្យតៃវ៉ាន់ ។ ចិនចាត់ទុកថា ទង្វើនេះបានប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ផ្នែកអភិវឌ្ឍន៍របស់ប្រទេសចិន ។.png)
ក្រុមហ៊ុនអាមេរិកដែលត្រូវបានក្រសួងពាណិជ្ជកម្មចិនបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅ រួមមាន ៖
១-Inter-Coastal Electronics
២-System Studies & Simulation
៣-IronMountain Solutions
៤-Applied Technologies Group
៥-Axient
៦-Anduril Industries និង
៧-Maritime Tactical Systems ។
សារព័ត៌មានស៊ីនហួររាយការណ៍ថា ប្រទេសចិននឹងហាមឃាត់ក្រុមហ៊ុនទាំង៧នេះ មិនឱ្យចូលរួមធ្វើពាណិជ្ជកម្មនាំចេញ-នាំចូលទំនិញជាមួយចិន និងហាមវិនិយោគបន្ថែមនៅចិន ។ រីឯនាយកក្រុមហ៊ុនពុំអនុញ្ញាតឱ្យធ្វើដំណើរមកចិនទេ ហើយការស្នើសុំទិដ្ឋាការ ឬលិខិតអនុញ្ញាតផ្សេងៗនឹងត្រូវបដិសេធទាំងអស់ ។
មន្ត្រីនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិននិយាយថា ការលក់អាវុធរបស់អាមេរិកជាញឹកញាប់ទៅឱ្យតៃវ៉ាន់ ដែលចិនចាត់ទុកថា ជាទឹកដីរបស់ខ្លួន គឺល្មើសនឹងគោលនយោបាយបង្រួបបង្រួមទឹកដីប្រទេសចិនតែមួយ (One-China Principle) ព្រមទាំងល្មើសនឹងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួម ចំនួន៣ច្បាប់ រវាងចិន និងអាមេរិក ។ លើសពីនេះ វាជាការគំរាមកំហែងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។
ការចុះបញ្ជីខ្មៅ គឺសំដៅលើក្រុមហ៊ុនណាដែលគំរាមកំហែងសន្តិសុខជាតិរបស់ចិន ប៉ុន្តែចិននឹងរីករាយស្វាគមន៍ក្រុមហ៊ុនបរទេសដែលស្មោះត្រង់ និងអនុវត្តតាមច្បាប់ចិនឱ្យចូលមកវិនិយោគ ។ ចិនសន្យាថា នឹងបង្កើតបរិយាកាសអាជីវកម្មឱ្យមានស្ថិរភាព ព្រមទាំងផ្តល់យុត្តិធម៌ដល់ក្រុមហ៊ុនបរទេសគោរពច្បាប់ចិន ។ នេះបើតាមការលើកឡើងរបស់មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មចិន ៕










