កន្លងមកតម្លៃសំបុត្រការប្រគំតន្រ្តីទោលរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា រៀបចំឡើងនៅរាជធានីភ្នំពេញត្រូវបានចាត់ទុកថាមានតម្លៃខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្តសម្រាប់តារាចម្រៀងក្នុងស្រុក។ យ៉ាងណាមិញថ្មីៗនេះតារាចម្រៀង ពេជ្រ សូលីកា បានបំបែកកំណត់ត្រាតម្លៃសំបុត្រតារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងការរៀបចំប្រគំតន្រ្តីទោលលើកដំបូងរបស់ខ្លួន។

នៅល្ងាចថ្ងៃទី១២ មករា តារាចម្រៀង ពេជ្រ សូលីកា បានប្រកាសពីតម្លៃសំបុត្រការប្រគំតន្រ្តីរបស់ខ្លួនដែលមានឈ្មោះថា «PICH SOLIKAH Twilight The First Concert 2025 » ដែលនឹងធ្វើឡើងនៅ៖ ថ្ងៃសៅរ៍ ទី២២ កុម្ភៈ ២០២៥ នៅឯផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ។ សំបុត្រការប្រគំតន្រ្តីតារាចម្រៀងរូបនេះមានចំនួនបីប្រភេទដែលមានតម្លៃ ២៥ ដុល្លារ ៤០ដុល្លារ និង១៤៩ដុល្លារ។ តម្លៃខ្ពស់បំផុតនៃប្រភេទសំបុត្រ VIP នឹងទទួលបាននូវកាតសម្រាប់ចូលរួម EXCLUSIVE POP UP STORE, ប្រអប់អនុស្សាវរីយដែល មាន ALBUM ចុះហត្ថលេខាដោយពេជ្រ សូលីកា ផ្ទាល់, អាហារសម្រន់ និងភេសជ្ជៈ (ពិសាដោយសេរី), កាត VIP, OFFICIAL POSTER, PLASTIC TICKET និងកាបូបយួរដៃ។
យ៉ាងណាមិញ តម្លៃសំបុត្រការប្រគំតន្រ្តីទោលលើកដំបូងរបស់ ពេជ្រ សូលីកា គឺអាចបំបែកកំណត់ត្រារៀមច្បងគឺជាតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលមានតម្លៃខ្ពស់បំផុត១០០ដុល្លារ ដែលត្រូវបានចាត់ទុកថាជាតម្លៃខ្ពស់បំផុតសម្រាប់តារាចម្រៀងក្នុងស្រុកទៅទៀត។ ការរៀបចំប្រគំតន្រ្តីទោលរបស់អ្នកនាង ឱក សុគន្ធកញ្ញា The Q – Rise of The Queen កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងមកនេះគឺមានការដាក់លក់សំបុត្រចំនួន៥ប្រភេទ គឺមាន ៣០ដុល្លារ ៤០ដុល្លារ ៧០ដុល្លារ និងខ្ពស់បំផុត១០០ដុល្លារដែលជាសំបុត្រ VIP។
នាគ្រានោះតម្លៃសំបុត្រការប្រគំតន្រ្តីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្កទៅជាប្រធានបទជជែកវែកញែកពីអ្នកលេងបណ្តាញសង្គមដោយអ្នកមួយចំនួនបានលើកឡើងថាតម្លៃនេះគឺខ្ពស់មិនមានសមត្ថភាពទិញសំបុត្រចូលរួមបើទោះបីជាចង់ទៅក៏ដោយ។ ដ្បិតថាមានការត្អូញត្អែរបែបនេះក៏ពិតមែន ប៉ុន្តែការលក់សំបុត្រគ្រប់ប្រភេទត្រូវបានលក់អស់លក់អស់ក្នុងរយៈពេលមិនដល់១ម៉ោងខណៈមានទស្សនិកជនសម្រុកចូលទិញរាប់លាននាក់៕










