ប្រាសាទមាសលោកជំទាវ ម៉ៅ លើភ្នំទ្វារ ដែលមានទីតាំងទល់មុខអាស្រមចាស់ នឹងក្លាយជាទីតាំងដ៏ស័ក្កសមបែបទេសចរណ៍សាសនាដ៏ទាក់ទាញថ្មីមួយបន្ថែមទៀតសម្រាប់ខេត្តកំពត។
ប្រាសាទមាសនេះ ជាការកសាងបន្ថែម ដើម្បីឱ្យមានភាពទូលំទូលាយសម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រណិបត្តិតាមជំនឿលើលោកយាយម៉ៅ។
ការសាងសង់ប្រាសាទនេះ មិនបានបានផ្តល់ផលប៉ះពាល់ដល់ទីតាំងចាស់អាស្រមលោកយាយ ម៉ៅនោះទេ ពោល ត្រូវបានរក្សាទុកនៅដដែល។
បើតាមអភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា៖”ប្រជាពលរដ្ឋដែលបានធ្វើដំណើរមកលេង ឬឆ្លងកាត់ខេត្តកំពត តែងតែឈប់ និងចូលទៅអាស្រមបារមីលោកយាយម៉ៅ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុវត្ថិភាពតាមផ្លូវ។ ដោយសារតែទីតាំងអាស្រមនៅខាងឆ្វេងដៃ តម្រូវឱ្យពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវនាំគ្នាធ្វើដំណើរឆ្លងផ្លូវ ដែលអាចបង្កឱ្យមានការកក់ស្ទះ ឬមានគ្រោះថ្នាក់ចរាចរណ៍កើកឡើងជាយថាហេតុ។ ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានឡើងទាំងនេះ ទើបអាជ្ញាធរខេត្តមានគំនិតផ្តួចផ្តើមសាងសង់ប្រាសាទថ្មីជូនលោកយាយម៉ៅ នៅលើកំពូលភ្នំទ្វារវិញ”។
គួរបញ្ជាក់ថា ប្រាសាទមាស លោកជំទាវ ម៉ៅ ត្រូវបានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមរបស់អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន៕










