កន្លងមកនេះទស្សនិកជនមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស បានទម្លាយពីការរៀបចំពិធីមង្គលការដែលនឹងរៀបចំឡើងក្នុងឆ្នាំនេះ។ យ៉ាងណាថ្មីៗនេះថ្ងៃមង្គលក៏ត្រូវបានបញ្ជាក់ខណៈមានការៀបចំស្នើសុំ(proposal) យ៉ាងរ៉ូមែនទិកនៅឯមាត់សមុទ្រដែលប្រមូលផ្តុំដោយមិត្តភក្តិជិតស្និទ្ធ។ ជាមួយគ្នានេះ ជី ដេវីត ក៏បានទម្លាយពីមូលហេតុនៃការរៀបចំពិធីមង្គលការទាំងអ្នកទាំងពីរមានកូនប្រុសអាយុជិត២ឆ្នាំនិងចុះអេតាស៊ីវិលរួចរាល់។ ងាកទៅកាន់ ទេព បូព្រឹក្ស វិញថាគ្មានមនុស្សស្រីណាដែលមិនចង់មានថ្ងៃនេះទេ។

តាមរយៈវីដេអូមួយ តារាចម្រៀង ងួន ចាន់ដេវីត បាននិយាយថាអ្នកទាំងពីររៀបចំកម្មវិធី save the date ដើម្បីជម្រាបជូនដល់បងប្អូន អ្នកជិតស្និទ្ធរាប់អានគ្នាទាំងអស់ថានឹងចូលរោងជ័យរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ ការរៀបការនេះលោកបាននិយាយថាចង់ផ្តល់អារម្មណ៍មួយពេញលេញសម្រាប់ ទេព បូព្រឹក្ស បើទោះបីជារាល់ថ្ងៃនេះអ្នកទាំងពីររស់នៅជាមួយគ្នាថែមទាំងមានចំណងដៃកូន ទោះរស់នៅក្នុងការចុះអេតាស៊ីវិលប្តីប្រពន្ធពេញច្បាប់។
ជី ដេវីត បន្តទៀតថា ដូច្នេះហើយលោកក៏សម្រេចចិត្តសុំ ទេព បូព្រឹក្ស រៀបការកាលពីប៉ុន្មានខែមុនប៉ុន្តែមិនមាន proposal ប្រាប់បងប្អូនលោកក៏គិតថាដល់ពេលវេលាមួយដែលខ្លួនលោកអាចមានទំនួលខុសត្រូវគ្រប់គ្រាន់ មានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្តល់នូវក្តីសុខមុខមាត់ពេញលេញជូនទៅដល់ ទេព បូព្រឹក្ស។
នៅរសៀលថ្ងៃទី១៣ មករា ជី ដេវីត ក៏បានសរសេរនៅលើទំព័រហ្វេកប៊ុកដែរថា «រយៈកាលកន្លងមកដែលបានកាន់ដៃគ្នាកសាងគ្រួសារមួយពេញទៅដោយគុណភាពរក្សាចំណងស្នេហ៍ដោយភាពជឿជាក់រវាងគ្នានឹងគ្នាតស៊ូឆ្លងកាត់ព្យុះភ្លៀងរហូតអាចកាន់ដៃគ្នាមកដល់ចំណុចនេះ ។ សូមជូនដំណឹងអាពាហ៍ពិពាហ៍ដ៏រីករាយនេះទៅកាន់បងប្អូនទាំងអស់គ្នាដោយក្តីស្រលាញ់»។
ងាកទៅកាន់ តារាចម្រៀង ទេព បូព្រឹក្ស វិញក៏បានបង្ហាញចំណាប់អារម្មណ៍នៅលើហ្វេកប៊ុកដែរថា នាងតែងនិយាយថាមិនអីទេ មិនចង់ទេ តែតាមពិតទៅចិត្តគឺចង់ណាស់។ តារាច្រៀងរូបនេះបាននិយាយថា «តើលើលោកនេះមនុស្សស្រីណាមិនចង់មានថ្ងៃនេះរយជាតិ ជាមួយគ្នាណាប្តី»។ សូមបញ្ជាក់ផងដែរថា ថ្ងៃសិរីសួស្តីរបស់ ជី ដេវីត និង ទេព បូព្រឹក្ស គឺមានលោកជំទាវ ហ៊ុន ស៊ីណាត ផ្តល់ជាកិត្តិយសតបតាមការអញ្ជើញរបស់អ្នកទាំងពីរធ្វើជាចាស់ទុំដឹកដៃ។ ជី ដេវីត និង ទេព បូព្រឹក្ស បានស្វាគមន៍កូនប្រុសដំបូងរបស់ខ្លួននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានឈ្មោះថា ទេព បញ្ចវរាប ហៅក្រៅ ( Albert )៕










