ទីក្រុងហុងកុង ៖ ពលរដ្ឋហុងកុងជាង២សែននាក់ នៅតែរស់នៅយ៉ាងលំបាក ដោយសារតម្លៃលំនៅឋាន និងបន្ទប់ស្នាក់នៅកើនឡើងខ្ពស់ក្នុងចំណោមប្រទេសមានតម្លៃលំនៅឋានខ្ពស់លើពិភពលោក ។ អ្នកមានប្រាក់ចំណូលតិចបានជួលបន្ទប់មានទំហំធំជាងគ្រែសម្រាកបន្តិច គ្មានបង្អួច ហើយ៤គ្រួសារត្រូវប្រើប្រាស់បន្ទប់ទឹក និងផ្ទះបាយរួមគ្នា ខណៈបន្ទប់ជួលខ្លះទៀត មានបន្ទប់ទឹកតែ១ប៉ុណ្ណោះ សម្រាប់ប្រើប្រាស់២០នាក់ ។
.png)
នារីម្នាក់ប្រាប់ថា រយៈពេល៣ឆ្នាំមកនេះ នាងបានរស់នៅក្នុងបន្ទប់ដ៏តូចចង្អៀត ។ នាងគ្មានអ្វីក្រៅពីការចងចាំដ៏ឈឺចាប់ពេលរស់នៅក្នុងជីវិតបែបនេះ ពីព្រោះនាងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃផ្ទះជួលល្អជាងនេះទេ ។
ពលរដ្ឋហុងកុងជាង២សែននាក់ បានរស់នៅក្នុងបន្ទប់ធំជាងគ្រែសម្រាកបន្តិច ដោយទ្រាំធុំក្លិនស្អុយ និងមានសត្វល្អិតចម្លងមេរោគក្នុងរដូវក្តៅ ។ ក្រៅពីនេះ ដោយសារគ្មានម៉ាស៊ីនបញ្ចេញខ្យល់ បានធ្វើឱ្យអ្នកជួលបន្ទប់តូចៗត្រូវបើកទ្វារបន្ទប់គ្រប់ពេលវេលា ហើយធ្វើឱ្យការរស់នៅគ្មានភាពផ្ទាល់ខ្លួន ។
ទីក្រុងហុងកុងមានគោលដៅលុបបំបាត់ការជួលបន្ទប់ស្នាក់នៅទាំងអស់នៅត្រឹមឆ្នាំ២០៤៩ ដែលកំណត់ដោយមន្ត្រីជាន់ខ្ពស់នៅទីក្រុងប៉េកាំង ដោយសារឃើញពលរដ្ឋហុងកុងពិបាករស់នៅខ្លាំងពេក ។ វាជាមូលហេតុធ្វើឱ្យបញ្ហាក្នុងសង្គមកើនឡើង ហើយបង្កឱ្យមានការប្រមូលផ្តុំគ្នាតវ៉ាយ៉ាងធំ កាលពីឆ្នាំ២០១៩ ។.jpg)
រដ្ឋាភិបាលចិនបានព្យាយាមដោះស្រាយបញ្ហាខ្វះខាតទីលំនៅរបស់ពលរដ្ឋ តាមរយៈការបង្កើនលំនៅឋាន ចំនួន៣០ម៉ឺន ៨ពាន់ខ្នង ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣៥ ។ SoCO ជាអង្គការពុំស្វែងរកប្រាក់ចំណេញនៅហុងកុងឱ្យដឹងថា កាលពីឆ្នាំ២០២២ ហុងកុងមានផ្ទះល្វែងបែងចែកជាបន្ទប់តូចៗសម្រាប់ជួល ប្រមាណ១១ម៉ឺនកន្លែង ។

ចំណែក Oxfam ជាអង្គការពុំស្វែងរកប្រាក់ចំណេញនៅអង់គ្លេសបញ្ជាក់ថា ហុងកុងមានពលរដ្ឋប្រមាណ ៧លាន ៥សែននាក់ ក្នុងនោះពលរដ្ឋ ១លាន ៤សែននាក់ បានរស់នៅក្នុងភាពក្រីក្រ ។ រីឯចំនួនលំនៅឋានអ្នកក្រ បានកើនឡើងដល់ ៦១ម៉ឺន ៩ពាន់ខ្នង ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ៕










