ខ្សែភាពយន្តភាគខ្មែរមានចំណងជើងថា «ក្រយាស្នេហ៍» កំពុងធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីចេញឈុតឆាកខ្លីៗនៃសាច់រឿងនេះដែលឆ្លុះបញ្ចាំងពីកម្តៅភ្លើងក្នុងផ្ទះបាយ នាចុងសម័យឧត្តុង្គ ដើមសម័យបារាំង។ ទស្សនិកជនមួយចំនួនបានសរសើរការថតរឿងនេះដែលមានសភាពច្បាស់ល្អទំនងគួរឱ្យចង់ទស្សនា ប៉ុន្តែក៏មានការព្រួយបារម្ភខ្លះៗទៅលើការប្រើប្រាស់សំឡេងរបស់តួអង្គ។

ទូរទស្សន៍ហង្សមាស បានចេញវីដេអូខ្លីនិងរូប Poster សម្រាប់ខ្សែភាពយន្តភាគខ្មែរបុរាណថ្មីនាដើមឆ្នាំ២០២៥ ដែលមានការចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។ រឿងនេះមានចំណងជើងថា «ក្រយាស្នេហ៍» ដឹកនាំសម្តែងដោយលោក ខាំ ភូរិ ក្រោមការនិពន្ធសាច់រឿងដោយ ពៅ មករា គីម ឌីណា និង ជួន ពិសិដ្ឋ។ សាច់រឿងនេះឆ្លុះបញ្ចាំងពីកម្តៅភ្លើងក្នុងផ្ទះបាយ នាចុងសម័យឧត្តុង្គ ដើមសម័យបារាំងនាព.ស២៤៦១ គ.ស១៩១៨ ដែលមានតួឯក ហៃ ប៉ៅហុង ថុន មរកត ហ៊ន គឹមធាន និង សេង ឡៃអ៊ី ដែលជាតួស្រីដ៏ល្បីល្បាញក្នុងរឿង ម៉ែក្រឡាភ្លើង។ បើតាមអ្នកដឹកនាំរឿងលោក ខាំ ភូរិ បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនទម្រាំនឹងចេញសមិទ្ធផលនេះគឺបានចំណាយពេលជាង១ឆ្នាំ។
ជាមួយនឹងការបង្ហាញឈុតឆាកខ្លីៗនៃសាច់រឿងបុរាណខ្មែរមួយនេះ ហាក់ទទួលបាននូវមតិវិជ្ជមានច្រើន។ នៅលើបណ្តាញសង្គមទិកតុកមានការបញ្ចេញមតិសរសើរថា រឿងនេះទំនងល្អមើល ប្រើសំឡេងពិត កាមេរ៉ាត្រជាក់ភ្នែក តួសុទ្ធតែល្បីៗ ខណៈមានការរំភើបចិត្តដែលមានរឿងបង្ហាញពីមុខម្ហូបខ្មែរ។ ទោះយ៉ាងណាមតិយោបល់នៅលើបណ្តាញសង្គមហ្វេកប៊ុកវិញ ហាក់បង្ហាញនូវការព្រួយបារម្ភដោយមានអ្នកកខ្លះចង់ឱ្យតួមួយចំនួនបញ្ចូលសំឡេងព្រោះបើសម្លងតួនិយាយឆ្គង គឺទម្លាក់រឿងចោលតែម្តង និងមានមតិយោបល់មួយចំនួនទៀត។ បើតាមការខម្មិនពីអ្នកលេងបណ្តាញសង្គមបានឱ្យដឹងថារឿងនេះនឹងបង្ហាញពីរបៀបចម្អិនម្ហូប ហហ្មុក និងនំបញ្ចុកខ្មែរផងដែរ៕











