ប្រទេសថៃ ៖ នៅខែមករា ឆ្នាំ២០២៥ គេហទំព័រ IQAir បានត្រួតពិនិត្យគុណភាពខ្យល់ក្នុងទីក្រុងនានាលើពិភពលោក និងចាត់ចំណាត់ថ្នាក់ទីក្រុងបាងកក ស្ថិតក្នុងលំដាប់ទី៩ គឺជាទីក្រុងមានធូលីកខ្វក់ខ្លាំងបំផុត ។ គេហទំព័រនេះណែនាំឱ្យពលរដ្ឋ និងភ្ញៀវទេសចរពាក់ម៉ាសនៅទីក្រុងបាងកក ដោយសារសន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិតពណ៌ក្រហម ប៉ះពាល់សុខភាព ។
គេហទំព័រនេះបញ្ជាក់ថា ធូលីកខ្វក់នឹងប៉ះពាល់ដល់អ្នកជំងឺ ឬអ្នកមានសុខភាពខ្សោយ ហើយណែនាំឱ្យកាត់បន្ថយការហាត់ប្រាណនៅទីវាល, ប្រើម៉ាស៊ីនកម្ចាត់ធូលី, បិទបង្អួចផ្ទះការពារធូលី ហើយអ្នកសុខភាពខ្សោយគួរពាក់ម៉ាស់ពេលចេញក្រៅផ្ទះ ។
ចំណែកចំណាត់ថ្នាក់ទី១ គឺទីក្រុងថាកា ប្រទេសបង់ក្លាដែស, ទី២ ទីក្រុងហ្គូកាតា ប្រទេសឥណ្ឌា, ទី៣ ទីក្រុងដេលី ប្រទេសឥណ្ឌា ។ រីឯទីក្រុងហាណូយ ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ និងទីក្រុងហូជីមិញ ទី១០ ។
លោក Akanis Srisukwattana គ្រូពេទ្យជំងឺបេះដូង និងមានជំនាញ Sports Cardiology ក្នុងមន្ទីរពេទ្យ Samitivej Srinakarin នៅទីក្រុងបាងកក បានសរសេរក្នុងហ្វេសប៊ុក កាលពីថ្ងៃទី៨ ខែមករាថា ធូលីកខ្វក់រយៈពេលខ្លី និងវែង អាចបង្កជាជំងឺមហារីកច្រើនប្រភេទ និងធ្វើឱ្យមនុស្សអាយុខ្លី ។ លោកណែនាំឱ្យគ្រប់គ្នាថែទាំសុខភាពឱ្យល្អ ពីព្រោះត្រូវរស់នៅក្នុងស្ថានភាពបែបនេះយូរទៀត ។
ធូលីកខ្វក់រយៈពេលខ្លីនឹងបណ្តាលឱ្យកើតជំងឺរ៉ាំរ៉ៃ រីឯធូលីកខ្វក់រយៈពេលវែងនឹងបណ្តាលឱ្យកើតជំងឺមហារីកសួត ហើយធូលីកខ្វក់នឹងធ្វើឱ្យរាងកាយរលាកបង្កជាជំងឺផ្សេងៗ ហេតុនេះ ពលរដ្ឋគួរថែទាំសុខភាពឱ្យល្អ ពីព្រោះធូលីតូចៗអាចជ្រាបចូលក្នុងសួត និងឈាមដោយផ្ទាល់ ។
ការស្រាវជ្រាវជាច្រើនបង្ហាញថា ធូលីកខ្វក់ គឺជាមូលហេតុសំខាន់បណ្តាលឱ្យកើតជំងឺមហារីក ដូចជា ៖ មហារីកសួត, មហារីកគ្រាប់ឈាម, មហារីកថ្លើម និងមហារីកពោះវៀនធំ ហើយចុងក្រោយ យើងនឹងមានអាយុខ្លីដោយសារកើតជំងឺរ៉ាំរ៉ៃ ។ ហេតុនេះ ចូរកាត់បន្ថយការហាត់ប្រាណ ឬធ្វើអ្វីមួយនៅក្រៅអគារ និងបូមធូលីក្នុងផ្ទះ ។
ភ្នាក់ងារឧតុនិយមថៃប្រកាសថា អាកាសធាតុត្រជាក់បានគ្របដណ្តប់លើតំបន់នានារបស់ប្រទេសថៃ ដោយសារសម្ពាធខ្ពស់គ្របដណ្តប់លើភាគខាងជើង ខាងត្បូង និងសមុទ្រចិនខាងត្បូង ហើយបរិមាណធូលីកខ្វក់ក៏បានកើនឡើងខ្លាំងដែរ ៕










