ប្រទេសដែលមានកោះគឺជាប្រទេសដែលមានដែនដីជាប់នឹងសមុទ្រ។ កោះអាចជារមណីយដ្ឋានដ៏ពិសេសមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកំសាន្តនៅប្រទេសរបស់ខ្លួន។ ជាការពិតណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កោះនានារបស់ប្រទេសកម្ពុជាយើងហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិដោយសារតម្លៃសមរម្យ ទេសភាពធម្មជាតិស្រស់បំព្រង បូករួមជាមួយអាហារឆ្ងាញ់ៗ ខ្យល់អាកាសបរិសុទ្ធ និងទីធ្លាធំទូលាយ។ 
ដូច្នេះនៅក្នុងប្រទេសកម្ពុជាយើងគឺមានកោះតូចធំ និងស្រស់ស្អាតជាច្រើនកន្លែង ទោះជាយ៉ាងណាតើលោកអ្នកដឹងទេថា នៅប្រទេសយើងមានកោះសរុបទាំងអស់ប៉ុន្មាន? នេះបើយោងតាម Can Travel Will Travel ដែលជាគេហទំព័របរទេសមួយនិយាយពីការធ្វើដំណើរជុំវិញកោះទូទាំងពិភពលោក បានឱ្យដឹងថា នៅប្រទេសកម្ពុជាយើងមានកោះសរុបប្រមាណ ៦០ កោះ។ ក្នុងនោះកោះចំនួន ២៣ ស្ថិតនៅខេត្តកោះកុង រីឯខេត្តកំពតមាន ២ កោះ, ក្រុងព្រះសីហនុមាន ២២ កោះ, និងខេត្តកែបមាន ១៣ កោះ។.png)
កោះដែលធំជាងគេបំផុតក្នុងប្រទេសកម្ពុជាយើងគឺកោះកុងក្រៅដែលមានផ្ទៃដីប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងមានកម្ពស់ប្រហែល ៤១០ ម៉ែត្រ លាតសន្ធឹងសន្ធឹងលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយរបស់កម្ពុជា ជាប់ជាមួយនឹងឈូងសមុទ្រថៃ។ តំបន់កោះកុងក្រៅមានឆ្នេរចំនួន៧ ផ្សេងទៀតដែលឆ្នេរនីមួយៗសុទ្ធតែមានខ្សាច់សក្បុស ល្អស្អាត និងភាពទាក់ទាញរៀងៗខ្លួន។ តំបន់កោះកុងក្រៅនេះក៏ជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិជាពិសេសជីវចម្រុះ ចំណែកឯការស្នាក់នៅវិញ ភ្ញៀវទេសចរអាចបោះតង់បានយ៉ាងងាយស្រួលនៅលើទីធ្លាឆ្នេរ ដែលលាតសន្ធឹងជាច្រើនម៉ែត្រ និងអាចចាប់ក្ដាម ចាក់មឹក ឬស្ទូចត្រីនៅទីនោះដើម្បីធ្វើជាអាហារទទួលទានខ្លួនឯងផ្ទាល់តែម្តងក៏បាន។.png)
ក្រៅពីកោះកុងក្រៅ កោះដែលធំជាងគេទីពីររបស់កម្ពុជាយើងគឺកោះរ៉ុង។ កោះរ៉ុងគឺជាកោះមួយស្ថិតក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃដីទំហំ ៧៨ គីឡូម៉ែត្រការ៉េ និងមានកំពស់ ១៣៣ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ កោះនេះគឺជាគោលដៅទេសចរណ៍ដែលពេញនិយមនិងស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម ហើយត្រូវបានគេស្គាល់ថាជា “កោះឋានសួគ៌”។ វាផ្តល់នូវភាពអស្ចារ្យនៃទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់ពណ៌សរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន៕










