Home ព័ត៌មានអន្តរជាតិ អង់គ្លេសផលិតថ្មមួយប្រភេទសម្រាប់ឧបករណ៍អេឡិចត្រូនិកអាចប្រើប្រាស់ដល់ជិត១ម៉ឺនឆ្នាំ ទើបអស់ថ្ម

អង់គ្លេសផលិតថ្មមួយប្រភេទសម្រាប់ឧបករណ៍អេឡិចត្រូនិកអាចប្រើប្រាស់ដល់ជិត១ម៉ឺនឆ្នាំ ទើបអស់ថ្ម

44
0

ប្រទេសអង់គ្លេស ៖ អ្នកជំនាញមកពីសាកលវិទ្យាល័យ Bristol ប្រទេសអង់គ្លេស និយាយថា ពួកគេបានផលិតថ្មពីគ្រាប់ពេជ្រលើកដំបូងលើពិភពលោក ដោយជោគជ័យ ។ បើចង់ឱ្យថ្មនេះនៅសល់ត្រឹម៥០% គឺត្រូវចំណាយពេលប្រើប្រាស់រហូតដល់ ៥,៧៣០ឆ្នាំ រីឯថ្មនៅសល់៥០% ទៀតអាចប្រើប្រាស់បានរាប់ពាន់ឆ្នាំ ។

អ្នកជំនាញអង់គ្លេសបញ្ជាក់ថា ថ្មថ្មីនេះមានអាយុប្រើប្រាស់បានរយៈពេលយូរបំផុត គឺរហូតដល់ជិត១ម៉ឺនឆ្នាំ ឯណោះ ។ វាជាថ្មប្រភេទកាបូន ដែលអាចប្រើប្រាស់ជាមួយឧបករណ៍អេឡិចត្រូនិកជាច្រើនប្រភេទ ជាពិសេស ឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ដាក់នៅទីកន្លែងដែលមនុស្សពិបាកចូលទៅដល់ ដូចជា ៖ ម៉ាស៊ីននៅបាតសមុទ្រ និងឧបករណ៍បច្ចេកវិទ្យាអវកាស ។

ការដំណើរការរបស់ថ្មប្រភេទនេះ គឺមានលក្ខណៈស្រដៀងគ្នានឹងបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យដែរ គ្រាន់តែថ្មនេះនឹងប្រើប្រាស់អេឡិចដ្រូនបម្លាស់ទីយ៉ាងឆាប់រហ័សក្នុងគ្រាប់ពេជ្រ ដើម្បីផលិតជាថាមពលថ្មជំនួសពន្លឺព្រះអាទិត្យ ។

កាបូន -១៤ គឺជាសាធារធាតុ Isotope ដែលមានចំនួននីត្រុងមិនស្មើគ្នា ប៉ុន្តែជាធាតុតែមួយរបស់កាបូន ។ វាមានគុណសម្បត្តិជាសារធាតុវិទ្យុសកម្មអាចបង្កើតថាមពលបាន ។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Bristol បានយកកាបូននេះមកដាក់នៅផ្នែកខាងក្នុងគ្រាប់ពេជ្រដើម្បីបង្កើតថ្មទំហំតូច ។

គោលបំណងនៃការផលិតថ្ម គឺអ្នកជំនាញអមានគោលបំណងយកវាទៅប្រើប្រាស់ជាមួយឧបករណ៍អេឡិចត្រូនិក នាថ្ងៃអនាគត ដែលពុំអាចផ្លាស់ប្តូរថ្មញឹកញាប់ ដោយសារប្រើប្រាស់នៅកន្លែងគ្រោះថ្នាក់ ដូចជា ៖ ម៉ាស៊ីនខួងប្រេងនៅបាតសមុទ្រជ្រៅ ឬឧបករណ៍ពេទ្យ (X-ray) ។ អ្នកជំនាញរំពឹងថា ថ្មនេះនឹងជំរុញឱ្យមានការផ្លាស់ប្តូរបច្ចេកវិទ្យាក្នុងឧស្សាហកម្មនានា និងការរស់នៅប្រចាំថ្ងៃ ៕