កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃ Khaosod បានចុះផ្សាយពីលោក ខេមរៈ សិរីមន្ត អភិវឌ្ឍន៍ខ្លួនពីកូនអ្នកស្រែក្លាយជាតារាចម្រៀងដ៏ល្បីល្បាញនៅប្រទេសកម្ពុជា និងឈ្នះពានរង្វាន់អន្តរជាតិជាមួយនឹងបទចម្រៀង «Call Me PaPa» ដែលមានអ្នកទស្សនារហូតដល់ជាង២ពាន់លានលើក ។
បច្ចុប្បន្ន វិស័យចម្រៀងនៅកម្ពុជាមានសន្ទុះយ៉ាងខ្លាំង ហើយបទចម្រៀងខ្មែរជាច្រើនបទបានល្បីល្បាញខ្លាំងដល់ប្រទេសថៃ និងតំបន់អាស៊ាន ក្នុងនោះក៏មានបទចម្រៀងរបស់លោក ខេមរៈ សិរីមន្ត ផងដែរ ។ លោកជាម្ចាស់បទចម្រៀង «Call Me PaPa» ដែលមានអ្នកទស្សនារហូតដល់ជាង២ពាន់លានលើក នៅទូទាំងពិភពលោក ។ បទចម្រៀងនេះត្រូវបានយកមកដាក់ក្នុង TikTok ស្មើជាង៥សែនលើក រហូតធ្វើឱ្យល្បីល្បាញយ៉ាងខ្លាំងនៅអាស៊ាន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។
ភាពល្បីល្បាញនៃបទចម្រៀង «Call Me PaPa» របស់តារាចម្រៀងខ្មែរវ័យក្មេងដ៏ល្បីល្បាញ និងការព្យាយាមចង់សម្រេចក្តីសុបិនក្លាយជាតារាចម្រៀង ព្រមទាំងលក្ខណៈលេចធ្លោ បានធ្វើឱ្យលោក ខេមរៈ សិរីមន្ត ឈ្នះពានរង្វាន់អន្តរជាតិ «International Famous Award» ក្នុងពិធីប្រគល់រង្វាន់កិត្តិយសអន្តរជាតិរបស់គម្រោងលើកកម្ពស់មនុស្សល្អ មានសីលធម៌ «Moral Award» លើកទី១០ នៅទីក្រុងបាងកក ប្រទេសថៃ ។

គោលបំណងនៃការប្រគល់ពានរង្វាន់នេះ គឺដើម្បីលើកស្ទួយ និងលើកតម្កើងស្ថាប័ន រួមទាំងបុគ្គលិកផ្សេងៗ ដែលជាមនុស្សល្អ មានសីលធម៌ និងជាបុគ្គលគំរូមកពីគ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក ។ លើសពីនេះ គឺជាការលើកទឹកចិត្ត លើកកម្ពស់ការច្នៃប្រឌិត អំពើល្អ និងសីលធម៌ ដើម្បីជាគំរូក្នុងសង្គមបច្ចុប្បន្ន និងអនាគត ។.png)
លោក ខេមរៈ សិរីមន្ត និយាយថា ៖ «ខ្ញុំសូមអរគុណសម្រាប់ការប្រគល់ពានរង្វាន់នេះ ហើយដោយសារការតាំងចិត្តបានធ្វើឱ្យមនុស្សនៅទូទាំងពិភពលោក ស្គាល់ខ្ញុំ ។ សូមអរគុណហ្វេនសម្រាប់ការគាំទ្របទចម្រៀង និងស្វាគមន៍យ៉ាងកក់ក្តៅ ។ ខ្ញុំសន្យាថា នឹងធ្វើជាគំរូល្អដល់ហ្វេនៗ និងសង្គម រួមទាំងការចេញបទចម្រៀងបន្តទៀត» ។ 
សារព័ត៌មានថៃផ្សាយថា តារាចម្រៀងដ៏ល្បីរបស់កម្ពុជា លោក ខេមរៈ សិរីមន្ត មានស្រុកកំណើតនៅខេត្តកំពង់ចាម ប៉ុន្តែដោយសារចង់សម្រេចក្តីសុបិនជាតារាចម្រៀង ទើបធ្វើឱ្យលោកប្តេជ្ញាចិត្ត រហូតក្លាយជាតារាចម្រៀងល្បី១រូបនាពេលបច្ចុប្បន្ន ។ លើសពីនេះ ដោយសារសមត្ថភាពលេចធ្លោបានធ្វើឱ្យលោកក្លាយជាអាយដល នៅកម្ពុជា ៕










