កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃ Khaosod បានចុះផ្សាយពីលោក ខេមរៈ សិរីមន្ត អភិវឌ្ឍន៍ខ្លួនពីកូនអ្នកស្រែក្លាយជាតារាចម្រៀងដ៏ល្បីល្បាញនៅប្រទេសកម្ពុជា និងឈ្នះពានរង្វាន់អន្តរជាតិជាមួយនឹងបទចម្រៀង «Call Me PaPa» ដែលមានអ្នកទស្សនារហូតដល់ជាង២ពាន់លានលើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmqOU4I_hpw_EjjAtEPnScIawoueBR_0eSGJ1TI1q2KDPgS9s1KGVOcq9RLcyfyOts6NO7tcjlmPaIcNAAs4uJ5EWbzPTpDVg75uE0aSt0WGmbjtDjH0XOqwOf023EOAasVhEmASluiQIl66c_ALA6spo9dFbUWaqk-4YoX1_yJKzACdMW41RWMh8BxLji/s1280/image_2024-12-23_13-54-41.png

បច្ចុប្បន្ន វិស័យចម្រៀងនៅកម្ពុជាមានសន្ទុះយ៉ាងខ្លាំង ហើយបទចម្រៀងខ្មែរជាច្រើនបទបានល្បីល្បាញខ្លាំងដល់ប្រទេសថៃ និងតំបន់អាស៊ាន ក្នុងនោះក៏មានបទចម្រៀងរបស់លោក ខេមរៈ សិរីមន្ត ផងដែរ ។ លោកជាម្ចាស់បទចម្រៀង «Call Me PaPa» ដែលមានអ្នកទស្សនារហូតដល់ជាង២ពាន់លានលើក នៅទូទាំងពិភពលោក ។ បទចម្រៀងនេះត្រូវបានយកមកដាក់ក្នុង TikTok ស្មើជាង៥សែនលើក រហូតធ្វើឱ្យល្បីល្បាញយ៉ាងខ្លាំងនៅអាស៊ាន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR5Z2wFT5f9atX3rmPc0OrR91_2G5Nc4S_amHuZIvF1Tvv5HBE1mStxtl0zUa8M8vUeIvWEN8dJ9HYdCxiLGKPSqiJHAHEMDAL3GxsiS5L6DfZH896hgocE5xmenwpAunTgQSU5i03HyhOhClivXQY2qqaPxhUUkkxWlbVChT3_bSZ_uhs1OBd27cRlPzA/s1280/image_2024-12-23_13-54-42.png

ភាពល្បីល្បាញនៃបទចម្រៀង «Call Me PaPa» របស់តារាចម្រៀងខ្មែរវ័យក្មេងដ៏ល្បីល្បាញ និងការព្យាយាមចង់សម្រេចក្តីសុបិនក្លាយជាតារាចម្រៀង ព្រមទាំងលក្ខណៈលេចធ្លោ បានធ្វើឱ្យលោក ខេមរៈ សិរីមន្ត ឈ្នះពានរង្វាន់អន្តរជាតិ «International Famous Award» ក្នុងពិធីប្រគល់រង្វាន់កិត្តិយសអន្តរជាតិរបស់គម្រោងលើកកម្ពស់មនុស្សល្អ មានសីលធម៌ «Moral Award» លើកទី១០ នៅទីក្រុងបាងកក ប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9qfbTI2gWqDkA9Le9NR-eACfapWShT5JO1AipEZ-cRbd9kuYJxDJKS6mdC-rF0QnL6-47Ou2YRMlTdgyl2c40pkZzv-kMGIyALc8b5biGxqZe3JU6PVx3sN_lGhcvckPUEiu65vuyaowznSoOq6ngOf396WpldWqj-cwtrl_xNzvHynuKm-GPcdusiBPH/s1280/image_2024-12-23_13-54-43.png
គោលបំណងនៃការប្រគល់ពានរង្វាន់នេះ គឺដើម្បីលើកស្ទួយ និងលើកតម្កើងស្ថាប័ន រួមទាំងបុគ្គលិកផ្សេងៗ ដែលជាមនុស្សល្អ មានសីលធម៌ និងជាបុគ្គលគំរូមកពីគ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក ។ លើសពីនេះ គឺជាការលើកទឹកចិត្ត លើកកម្ពស់ការច្នៃប្រឌិត អំពើល្អ និងសីលធម៌ ដើម្បីជាគំរូក្នុងសង្គមបច្ចុប្បន្ន និងអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-x0W59tkFVJoZ7iRJfdsKI2au5Ej33znCQDuM9E3v6pTLjaJaNq_VirgH1PnX7H5LOP7yOWWJmYp44E-Lj-P5VX2KIZwycpkZQk2xGgor4yFFynngJlXdsBOE4egiQr9eOZrJw-4hqmSccBv7g1CyU_U29NmIpu15UO4g6nQt-7ZtN4cLkagfUjxT84_1/s2048/image_2024-12-23_13-55-55%20(2).png

លោក ខេមរៈ សិរីមន្ត និយាយថា ៖ «ខ្ញុំសូមអរគុណសម្រាប់ការប្រគល់ពានរង្វាន់នេះ ហើយដោយសារការតាំងចិត្តបានធ្វើឱ្យមនុស្សនៅទូទាំងពិភពលោក ស្គាល់ខ្ញុំ ។ សូមអរគុណហ្វេនសម្រាប់ការគាំទ្របទចម្រៀង និងស្វាគមន៍យ៉ាងកក់ក្តៅ ។ ខ្ញុំសន្យាថា នឹងធ្វើជាគំរូល្អដល់ហ្វេនៗ និងសង្គម រួមទាំងការចេញបទចម្រៀងបន្តទៀត» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPNFBqSs7_nsX1scv-cKZUDa0cw_CMdUQJm7JiGmMYoFWu705_xxcHMrX1aSkJ7lcFn3q2TV2aLkjKpFDbZTG-csH9Z6kA5aIYB01drs_gqfYTQoxddE0dxYgD6LhtaMAoeM1HmdlrW2rlGEcnnwS5L9MGxIZI-VyNQjFoOj_xvDhsm2tiEIsIYk4TBWMl/s1280/image_2024-12-23_13-55-55.png

សារព័ត៌មានថៃផ្សាយថា តារាចម្រៀងដ៏ល្បីរបស់កម្ពុជា លោក ខេមរៈ សិរីមន្ត មានស្រុកកំណើតនៅខេត្តកំពង់ចាម ប៉ុន្តែដោយសារចង់សម្រេចក្តីសុបិនជាតារាចម្រៀង ទើបធ្វើឱ្យលោកប្តេជ្ញាចិត្ត រហូតក្លាយជាតារាចម្រៀងល្បី១រូបនាពេលបច្ចុប្បន្ន ។ លើសពីនេះ ដោយសារសមត្ថភាពលេចធ្លោបានធ្វើឱ្យលោកក្លាយជាអាយដល នៅកម្ពុជា ៕