ប្រទេសជប៉ុន ៖ បច្ចុប្បន្ន ជប៉ុនបានក្លាយជាប្រទេសមួយសម្បូរពលរដ្ឋអាយុច្រើនដោយសារអត្រាកំណើតធ្លាក់ចុះខ្លាំង ហើយរដ្ឋាភិបាលជប៉ុនតែងតែជួយឧបត្ថម្ភប្រាក់យ៉ាងច្រើនដល់ពលរដ្ឋចូលនិវត្តន៍ រហូតដល់ខ្វះខាតថវិការដ្ឋ និងមានបញ្ហាសេដ្ឋកិច្ច ។ ហេតុនេះ រដ្ឋាភិបាលសម្រេចថា មិនដំឡើងពន្ធពលរដ្ឋវ័យធ្វើការទេ ប៉ុន្តែនឹងប្រមូលពន្ធពីមនុស្សចាស់ជំនួស ។

ពលរដ្ឋចូលនិវត្តន៍នៅជប៉ុនភាគច្រើនមានសុខភាពរឹងមាំល្អ ហើយអ្នកអាយុ៦៥ឆ្នាំ ដែលចូលនិវត្តន៍ពីការងាររដ្ឋបានទៅស្វែងរកការងារថ្មីធ្វើបន្តទៀត ។ ហេតុនេះ ពួកគេទទួលបានប្រាក់ចូលនិវត្តន៍ពីរដ្ឋផង និងទទួលបានប្រាក់ខែពីការងារថ្មីដែលកំពុងធ្វើនាពេលបច្ចុប្បន្នផង ។
ពលរដ្ឋអាយុច្រើននៅជប៉ុនមានប្រៀបជាងពលរដ្ឋក្នុងវ័យធ្វើការសម្រាប់ការបង់ពន្ធឱ្យរដ្ឋ ពីព្រោះការងាររបស់មនុស្សចាស់ភាគច្រើនជាការងារក្រៅម៉ោង ។ មនុស្សចាស់នឹងទទួលបានប្រាក់ខែពីការងារក្រៅម៉ោងបន្ថែមពីលើប្រាក់ចូលនិវត្តន៍ ហើយត្រូវបានរដ្ឋាភិបាលកាត់បន្ថយពន្ធឱ្យទៀត ដោយសារជាវិធានការជួយពលរដ្ឋចាស់ៗ ។ ប៉ុន្តែការប្រមូលពន្ធនៅជប៉ុនបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារចំនួនពលរដ្ឋវ័យធ្វើការធ្លាក់ចុះ ។

ហេតុនេះ រដ្ឋាភិបាលជប៉ុនសម្រេចចិត្តថា នឹងប្រមូលពន្ធពីមនុស្សចាស់ដែលនៅមានកម្លាំងធ្វើការ ដូចគ្នានឹងការប្រមូលពន្ធពីពលរដ្ឋក្នុងវ័យធ្វើការដែរ ។ ការប្រមូលពន្ធនឹងផ្តោតលើមនុស្សចាស់ដែលមានការងារធ្វើ និងប្រាក់ខែខ្ពស់ ដោយសាររដ្ឋាភិបាលបានចំណាយប្រាក់យ៉ាងច្រើនជួយមនុស្សចាស់កន្លងមក ។
ពលរដ្ឋអាចជ្រើសរើសចូលនិវត្តន៍ពីការងារ នៅអាយុ៦០ឆ្នាំ ឬ៦៥ឆ្នាំ ប៉ុន្តែអ្នកចូលនិវត្តន៍ត្រូវតែបង់ពន្ធជូនរដ្ឋ មិនខុសគ្នាពីអ្នកមានវ័យធ្វើការ ។ ប្រាក់ចូលនិវត្តន៍ដែលមនុស្សចាស់ទទួលបាន គឺត្រូវតែយកមកបូកបញ្ចូលជាមួយប្រាក់ខែការងារបច្ចុប្បន្ន ដើម្បីសរុបប្រាក់ចំណូលដែលត្រូវបង់ពន្ធជូនរដ្ឋ ដោយសាររដ្ឋាភិបាលបានចំណាយប្រាក់យ៉ាងច្រើនជួយមនុស្សចាស់ ៕










