តារាចម្រៀង វណ្ណថាន ដែលគ្រោងនឹងមានវត្តមានក្នុងកម្មវិធីប្រគំតន្រ្តីនៅថ្ងៃទី១៤ លើទឹកដីខេត្តព្រះសីហនុ នឹងមិនមានវត្តមាននោះទេ។ នេះបើតាមការបង្ហោះរបស់ផលិតកម្មបារមីនាព្រឹកថ្ងៃទី១៣ ធ្នូ។ ងាកទៅកាន់ ធីតា ដែលចេញមកចោទតារាចម្រៀងរូបនេះចម្លងរោគទៅកាន់នាងហាក់បានបង្ហាញថានឹងព្រមដោះលែងដើម្បីជីវិតមួយនេះក្រោយពីមានការលើកទឹកចិត្តផ្តល់យោបល់ពីលោក សុវណ្ណ រិទ្ធី ដែលធ្លាប់ជួយជ្រោមជ្រែងនាងកន្លងមក។

ប្រិយមិត្តជ្រាបមកហើយថាប៉ុន្មានថ្ងៃមកនេះតារាចម្រៀង វណ្ណថាន បានផ្ទុះរឿងអាស្រូវយ៉ាងក្តៅគគុកជាលើកដំបូងក្នុងអាជីពសិល្បៈដែលមាននារីវ័យក្មេងឈ្មោះ ធីតា បានចេញមកចោទតារាចម្រៀងនេះចំៗថាបានចម្លងរោគទៅកាន់នាង។ រឿងអាស្រូវបានផុសឡើងជាបន្តបន្ទាប់ដោយនារីរូបនេះបានចេញមកបង្ហោះម្តងហើយម្តងទៀតពីតារាចម្រៀង វណ្ណថាន ជាមួយនឹងសារឆ្លើយឆ្លងនានាពីទំនាក់ទំនងរបស់ពួកគេដើម្បីបញ្ជាក់ថានាងមិនបានបង្កើតគណនីក្លែងក្លាយបោកប្រាស់ភ្នែកមហាជន។ ចាប់តាំងពីមានការចោទប្រកាន់នេះមកដែលរឿងរសើបបានផ្តើមកាលពីយប់ថ្ងៃទី១០ខែធ្នូ ម្ចាស់បទ កំលោះស្រុកខ្មែរ បានរក្សាភាពស្ងៀមស្ងាត់របស់ខ្លួន។

អ្វីដែលជាការកត់សម្គាល់នាព្រឹកថ្ងៃទី១៣ ធ្នូ នេះផលិតកម្មបារមីបានបញ្ជាក់ពីសិល្បករដែលនឹងចូលរួមកម្មវិធីប្រគំតន្ត្រីនៅថ្ងៃទី១៤ ធ្នូ នៅលើទឹកដីខេត្តព្រះសីហនុ ប៉ុន្តែមិនមានវត្តមានរបស់តារាចម្រៀង វណ្ណថាន នោះទេ ខណៈដើមឡើយរូបលោកនឹងត្រូវចូលរួមកម្មវិធីប្រគំតន្រ្តីនេះ។
ងាកទៅកាន់ ធីតា វិញនៅព្រឹកថ្ងៃទី១៣ ធ្នូ ក៏បានបង្ហោះសារឆ្លើយឆ្លងរបស់នាងជាមួយលោក សុវណ្ណ រិទ្ធី ដែលនាងទទួលបានការលើកទឹកចិត្ត ការផ្តល់យោបល់ផ្សេងៗពីលោក និងបានផ្តល់យោបល់ថា រឿងខ្លះបើបញ្ចប់បានក៏បញ្ចប់ទៅ។ ធីតា បានភ្ជាប់មកជាមួយនឹងចំណងជើងថា «ខ្ញុំនឹងចាំវាទុកអស់មួយជីវិតរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ» ដោយបានបន្ថែមក្នុងខម្មិនថា «ខ្ញុំដោះលែងគ្រប់យ៉ាងដើម្បីជីវិតមួយនេះ»៕










