នៅឯខេត្តសៀមរាប ម៉ូតូកង់បីតម្រៀបគ្នាជាជួរៗ ដែលតុបតែងលម្អទៅដោយដើម Christmas ,ភ្លើងពណ៌ស្រស់ស្អាត ក៏ដូចជាមានការស្លៀកពាក់តែងតួជាតាណូអែលផងនោះ កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។
បុណ្យណូអែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយសង្កេតឃើញថា ទីតាំងនានាបាននឹងកំពុងរៀបចំតុបតែងលម្អដោយភ្លើងចម្រុះពណ៌ វត្ថុពណ៌ក្រហមៗ ក៏ដូចជាដើម Christmas ជាដើម។ បើក្រឡេកទៅខេត្តសៀមរាបវិញក៏បានរៀបចំដូចគ្នាដែរ ដោយហេតុថាខេត្តសៀមរាប គឺជាខេត្តមួយសម្បូរទៅដោយភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្សាន្តមិនដែលដាច់នោះឡើយ។
ថ្មីៗនេះ យោងតាមការបង្ហោះចែកចាយជាច្រើននៅលើបណ្តាញសង្គមបានបង្ហាញឲ្យឃើញពីទិដ្ឋភាពខ្លះៗក្នុងខេត្តសៀមរាប នៅក្នុងអំឡុងរដូវកាលបុណ្យណូអែលនេះ ស្របពេលដែលមហាជនផ្ទុះការសរសើរទៅលើការច្នៃប្រឌិតម៉ូតូកង់បី Christmas ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍។
កង់បីនីមួយៗបានរៀបចំតុបតែលម្អយ៉ាងទាក់ភ្នែក មានភ្លើងភ្លឺភ្លេតចម្រុះពណ៌ តាំងបង្ហាញវត្ថុអនុស្សាវរីយពណ៌ក្រហមៗជាដើម ក៏ដូចជាមានការតែងតួជាតាសាន់តាក្លូសថែមទៀតផង។ ដោយសង្កេតឃើញថា ភ្ញៀវទេសចរគ្រប់ៗរូបពោរពេញដោយស្នាមញញឹមនៅលើម៉ូតូកង់បី ហាក់ទទួលបានអារម្មណ៍ប្លែកមួយបែបទៀត។ ដូច្នេះហើយ តាមរយៈការច្នៃប្រឌិតឲ្យស្របតាមរដូវកាល បានធ្វើឲ្យខេត្តបុរាណមួយនេះកាន់តែមានភាពរស់រវើក និងទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងឡើងផងដែរ៕










