ប្រទេសអាល្លឺម៉ង់ ៖ យោងតាមទិន្នន័យស្តីពីប្រាក់ឈ្នួលនៅអាល្លឺម៉ង់របស់ធនាគារកណ្តាល Bundesbank បង្ហាញថា នៅត្រីមាសទី៣ ឆ្នាំ២០២៤ (ចាប់ពីខែមេសា ដល់ខែមិថុនា) ពលរដ្ឋអាល្លឺម៉ង់ទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ បើទោះជាសេដ្ឋកិច្ចអាល្លឺម៉ង់នៅតែជាប់គាំងក្នុងវិបត្តិក៏ដោយ ។
ក្រោយពីភាគីជាច្រើនពិភាក្សាគ្នា និងធ្វើកិច្ចព្រមព្រៀងផ្សេងៗអំពីការដំឡើងប្រាក់ឈ្នួល វាធ្វើឱ្យប្រាក់ឈ្នួលនៅអាល្លឺម៉ង់ កើនឡើង៨.៨% នៅត្រីមាសទី៣ ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ នេះជាកំណើនប្រាក់ឈ្នួលយ៉ាងឆាប់រហ័សបំផុត បើគិតចាប់ពីឆ្នាំ១៩៩៣ មក ប៉ុន្តែរបាយការណ៍ធនាគារ Bundesbank បញ្ជាក់ថា កំណើនប្រាក់ឈ្នួលទំនងជាមិនមានរយៈពេលយូរទេ ហើយវានឹងប្រែប្រួលនាពេលខាងមុខ ។
.png)
អ្នកវិភាគលើកឡើងថា មូលហេតុធ្វើឱ្យប្រាក់ឈ្នួលរបស់ពលរដ្ឋអាល្លឺម៉ង់កើនឡើងយ៉ាងឆាប់រហ័សនេះ គឺមួយផ្នែកបណ្តាលមកពីដំណើរការក្នុងរោងចក្រឧស្សាហកម្មនានាល្អប្រសើរ ។ ប៉ុន្តែនាយកក្រុមហ៊ុនមួយចំនួនបានបង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងការបង្កើនការផលិតទំនិញក្នុងផ្នែកឧស្សាហកម្ម នាពេលបន្ទាប់ ។
កត្តាជំរុញសេដ្ឋកិច្ចធំបំផុតរបស់អាល្លឺម៉ង់នាពេលបន្ទាប់អាចនឹងធ្លាក់ចុះ ក្រោយពីប្រាក់ឈ្នួលបានកើនឡើងខ្ពស់បំផុត នៅត្រីមាសទី៣ ឆ្នាំ២០២៤ ។ ជាមួយគ្នានេះ អតិផរណាអាចកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ហើយអាល្លឺម៉ង់នឹងមានវិបត្តិសេដ្ឋកិច្ចបន្តទៀត ដែលបណ្តាលមកពីកត្តាផ្សេងៗ ដូចជា ៖ ភាពមិនប្រាកដប្រជា ការចំណាយដើមទុនខ្ពស់ និងការផលិតទាបក្នុងឧស្សាហកម្ម ដែលនឹងប៉ះពាល់ដល់ការវិនិយោគពីក្រៅប្រទេស ។
របាយការណ៍នេះសន្និដ្ឋានថា នាថ្ងៃអនាគត តម្រូវការទំនិញពីបរទេសអាចនឹងងើបឡើងវិញ ហើយអាជីវកម្មក្រុមហ៊ុនឯកជននៅអាល្លឺម៉ង់នឹងល្អប្រសើរឡើង ដោយសារកំណើនប្រាក់ឈ្នួលយ៉ាងឆាប់រហ័ស ៕










