ប្រទេសចិន ៖ សារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ថា រដ្ឋាភិបាលក្រុងប៉េកាំងបានលុបចោលវិធានការហាមឃាត់ការនាំចូលសាច់គោពីប្រទេសអូស្ត្រាលី ក្រោយពីចិនអនុវត្តវិធានការនេះតាំងពីអំឡុងពេលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ លើពិភពលោក និងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចអូស្ត្រាលីយ៉ាងខ្លាំង ។
ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្តីប្រកាសលុបចោលវិធានការហាមឃាត់ការនាំចូលសាច់គោពីក្រុមហ៊ុនអូស្ត្រាលី ចំនួន២ ហើយចិននឹងនាំចូលសាច់គោអូស្ត្រាលីគ្រប់ប្រភេទឡើងវិញ ក្រោយពីចិនបាននាំចូលសាច់គោអូស្ត្រាលីមួយចំនួនតូចតាំងពីចុងឆ្នាំ២០២៣ ។
ចំណែកក្រសួងពាណិជ្ជកម្មអូស្ត្រាលីបានបង្ហាញក្តីរីករាយជាមួយសេចក្តីប្រកាសរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលអនុញ្ញាតឱ្យនាំចូលសាច់គោអូស្ត្រាលីឡើងវិញ ពីព្រោះរយៈពេលកន្លងមកនេះ វិធានការហាមឃាត់ការនាំចូលសាច់គោរបស់ចិន បានធ្វើឱ្យអូស្ត្រាលីបាត់បង់ប្រាក់ចំណូលរហូតដល់២ម៉ឺនលានដុល្លារអូស្ត្រាលី ។
វិធានការហាមឃាត់ការនាំចូលសាច់គោរបស់ចិន ដែលជាប្រទេសដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី គឺអនុវត្តចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ។ វាជាពេលដែលសម្ព័ន្ធភាពរវាងប្រទេសទាំង២ តានតឹងយ៉ាងខ្លាំងដោយសារករណីជាច្រើន ជាពិសេស ករណីរដ្ឋាភិបាលទីក្រុង Canberra របស់អូស្ត្រាលី ហាមឃាត់ក្រុមហ៊ុន Huawei ចូលរួមក្នុងគម្រោងតភ្ជាប់ប្រព័ន្ធ និងអភិវឌ្ឍន៍បណ្តាញ 5G ។

មុនពេលអូស្ត្រាលីហាមឃាត់ក្រុមហ៊ុន Huawei របស់ចិន ប្រទេសទាំង២ មានបញ្ហាជាមួយគ្នាយូរមកហើយពាក់ព័ន្ធនឹងការបង្កើតឥទ្ធិពលលើប្រទេសដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ។
ទោះយ៉ាងណា សម្ព័ន្ធភាពរវាងប្រទេសចិន និងអូស្ត្រាលីមានភាពល្អប្រសើរឡើង នៅពេលរដ្ឋាភិបាលអូស្ត្រាលីរបស់គណបក្សការងារស្ថិតក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Anthony Albanese កាលពីឆ្នាំ២០២២ ។ លោក Anthony បានមកទស្សនកិច្ចនៅក្រុងប៉េកាំង នៅខែធ្នូ ឆ្នាំ២០២៣ និងជួបប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីស្តារទំនាក់ទំនងល្អឡើងវិញ ៕










