ជឿជាក់ថាប្រជាជនខ្មែរមួយចំនួនប៉ុណ្ណោះ បានស្គាល់ «ល្ខោនអាប៉េ» ដែលជាល្ខោនច្រៀងរាំបែបបុរាណនៃប្រទេសកម្ពុជា ព្រមជាមួយនឹងលក្ខណៈកំប្លុកកំប្លែងរបស់តួសម្តែងផងនោះ បានបង្កឲ្យទស្សនិកជនទស្សនាហើយ ទទួលបាននូវភាពសប្បាយរីករាយនិងជក់ចិត្តដិតអារម្មណ៍។
យោងតាមឯកសារស្រាវជ្រាវ «ល្ខោនអាប៉េ» ដែលត្រូវបានគេស្គាល់ថាជា «យីកេសាសន៍» គឺជាផ្នែកមួយនៃរបាំព្រះរាជទ្រព្យ។ កាលពីសម័យបុរាណ ល្ខោននេះក៏ត្រូវបានគេយកទៅសម្តែងតែនៅក្នុងព្រះបរមរាជវាំងប៉ុណ្ណោះ ខណៈបច្ចុប្បន្ន វាក៏ត្រូវបានគេលើកយកមកសម្តែងជូនសាធារណៈទស្សនា រហូតដល់មានការចែករំលែកពាសពេញបណ្តាញសង្គម ហើយក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។
លក្ខណៈពិសេសេរបស់ល្ខោនអាប៉េ គឺជាប្រភេទល្ខោននិយាយបន្តិច ល្ខោនយីកេបន្តិច ពោលគឺតួសម្តែងនិយាយផង រាំផង ច្រៀងផង។ តែទោះជាយ៉ាងណា ចំណុចសំខាន់នៃល្ខោននេះគឺភាពកំប្លុកកំប្លែង និងភាពក្រមិចក្រមើមរបស់តួសម្តែង ព្រមជាមួយនឹងបទចម្រៀងនិងភ្លេង ដែលខុសប្លែកពីទម្រង់សិល្បៈផ្សេងទៀតផងនោះ ក៏បានញ៉ាំងឲ្យបរិយាកាសកាន់តែរីករាយ។
ទោះជាយ៉ាងណា អ្នកជំនាញមិនទាន់អាចកំណត់អាយុកាលរបស់ល្ខោននេះថាមានតាំងពីពេលណានោះទេ តែក៏មានការលើកឡើងមួយចំនួនខុសៗគ្នាពីសំណាក់ព្រឹទ្ធិចារ្យបុរាណ ដោយមតិមួយបានលើកឡើងថា មូលហេតុដែលគេហៅថា «យីកេសាសន៍» ព្រោះគេសម្តែងរឿងបរទេស មានចិន ចាម ជ្វា ឥណ្ឌា ភូមា និងអារ៉ាប់ ជាដើម ហើយល្ខោននេះជាល្ខោនស្រី ព្រោះតួ សម្តែងក្រៅពីស្រីៗសម្តែង គឺគេយកប្រុសទៅសម្តែងជាតួស្រីដែរ។ ខណៈជាទូទៅ វាគឺជារឿងបែបកំប្លុកកំប្លែង។
មតិទី២ អាប៉េ គឺជាប្រភេទល្ខោននៅជនបទ ជាទម្រង់ល្ខោនច្រៀងរាំ និងនិយាយផង សម្តែងដោយប្រុសៗ កំដរដោយវង់ភ្លេងអាយ៉ៃ ហើយសម្តែងតែរឿងដែលមានលក្ខណៈកំប្លុកកំប្លែងសម្រាប់បង្កើតបរិយាកាសសើចលេងសប្បាយ ។ និងមតិទី៣ អាប៉េ គឺយកទម្រង់សិល្បៈយីកេសុទ្ធសាធ ដោយគ្រាន់តែមានតួត្លុក កាន់ឧបករណ៍ «ក្រាប់» បន្ថែមសម្រាប់ឡក។
ចំពោះបទភ្លេងនិងចម្រៀងវិញ ក៏ភាគច្រើនមានចង្វាក់ញាប់រន្ថើន ញាក់ៗ សម្រាប់ជំរុញកាយវិការឡកក្រមិចក្រមើម ព្រមដោយពាក្យបន្ទរចម្រុះជាតិសាសន៍ ពោលគឺមានពាក្យជាភាសាខ្មែរខ្លះផង និងជាភាសាបរទេសខ្លះចម្រុះគ្នាផងដែរ៕