ក្រសួងធនធានទឹកនិងឧតុនិយមបានជម្រាបជូនដំណឹងអំពីស្ថានភាពអាកាសធាតុក្នុងប្រទេសកម្ពុជា ដើម្បីឲ្យសាធារណៈជនមានការប្រុងប្រយ័ត្ននិងត្រៀមខ្លួនទុកជាមុន អំឡុងពេលផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗបែបនេះ។

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានដឹងថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រ កម្ពុជាបានថយឥទ្ធិពល។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌ាមានល្បឿនមធ្យម៣ ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌ាមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៣,៥ម៉ែត្រ វិនាទី។ ចំណែករលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕










