ប្រទេសជប៉ុន ៖ យោងតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុនបង្ហាញថា ក្រុមហ៊ុនផ្នែកអាហារនៅប្រទេសជប៉ុន រួមមាន ៖ ភោជនីយដ្ឋាន, ផ្សារទំនើប និងហាងទំនិញ នឹងដំឡើងថ្លៃអាហាររហូតដល់ជាង៣,៩០០មុខ នៅដើមឆ្នាំ២០២៥ ដោយសារក្រុមហ៊ុនទាំងនេះត្រូវចំណាយថ្លៃដើមខ្ពស់ ។ ប៉ុន្តែវាធ្វើឱ្យពលរដ្ឋបារម្ភខ្លាំងពីតម្លៃអាហារកើនឡើងម្តងទៀត ក្រោយពីក្រុមហ៊ុនទាំងនេះទើបតែដំឡើងថ្លៃអាហារចំនួន១២,៥២០មុខ នៅឆ្នាំ២០២៤ ។

ក្រុមហ៊ុនស្រាវជ្រាវ Teikoku Databank ឱ្យដឹងថា តម្លៃអាហារនៅជប៉ុនបានកើនឡើងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២៥ ។ បើតាមការសាកសួរទៅកាន់ភោជនីយដ្ឋាន, ផ្សារទំនើប និងហាងទំនិញជាច្រើនកន្លែងឱ្យដឹងថា ពួកគេនឹងដំឡើងថ្លៃអាហាររហូតដល់ជាង៣,៩០០មុខ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ។
ក្រុមហ៊ុនស្រាវជ្រាវបញ្ជាក់ថា បើទោះជាការដំឡើងថ្លៃអាហារបានជួយឱ្យក្រុមហ៊ុនទាំងនេះពុំរងផលប៉ះពាល់ដោយសារការចំណាយដើមទុនខ្ពស់ ប៉ុន្តែវានឹងប៉ះពាល់ពលរដ្ឋ ដោយសារពួកគេត្រូវចំណាយប្រាក់ច្រើនជាងមុន ។ ម្យ៉ាងទៀត បើតម្លៃអាហារ និងទំនិញកើនឡើងខ្ពស់ វាមិនងាយធ្លាក់ចុះវិញទេ ហើយពលរដ្ឋនឹងកាត់បន្ថយការចំណាយ ។.png)
ក្រុមហ៊ុនអាហារជប៉ុន ចំនួន១៩៥ក្រុមហ៊ុន បានប្រកាសកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ ថា ពួកគេនឹងដំឡើងថ្លៃអាហារចំនួន៣,៩៣៣មុខ រួមមាន ៖ គ្រឿងស្រវឹង, ភេសជ្ជៈផ្អែមមានជាតិហ្គាស, នំប៉័ង, អាហារកែច្នៃ, អាហារក្លាសេ និងនំចណីជាច្រើនមុខ ។
ការចំណាយថ្លៃដើមខ្ពស់ក្នុងការទិញបន្លែបង្ការ និងត្រីសាច់ គឺជាមូលហេតុចម្បងដែលធ្វើឱ្យថ្លៃអាហារកើនឡើងនៅជប៉ុន ។ រីឯការចំណាយដើមទុនលើការដឹកជញ្ជូនអាហារ និងកម្លាំងពលកម្មកើនឡើង ក៏បានជំរុញឱ្យថ្លៃអាហារកើនឡើងផងដែរ ។ កត្តាទាំងនេះនឹងធ្វើឱ្យក្រុមហ៊ុនអាហារជប៉ុនដំឡើងថ្លៃអាហារកាន់តែខ្ពស់ នៅឆ្នាំ២០២៥ ។
តាមរបាយការណ៍បញ្ជាក់ថា ពេញមួយឆ្នាំ២០២៤នេះ អាហារជប៉ុនចំនួន១២,៥២០មុខ បានឡើងថ្លៃជាបន្តបន្ទាប់ ហើយអាហារចំនួន១០៩មុខ នឹងឡើងថ្លៃ នៅខែធ្នូ ឆ្នាំ២០២៤ ។ ដូច្នេះ វាធ្វើឱ្យពលរដ្ឋជប៉ុនបង្ហាញក្តីបារម្ភ ដោយសារពួកគេត្រូវចំណាយប្រាក់ច្រើនជាងមុនសម្រាប់ទិញទំនិញ និងអាហារប្រចាំថ្ងៃ ៕










