ប្រទេសកូរ៉េខាងត្បូង ៖ ព្យុះព្រិលបានធ្លាក់យ៉ាងខ្លាំងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយវាធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក ដែលបណ្តាលឱ្យជើងហោះហើររាប់រយប្រកាសផ្អាកដឹកអ្នកដំណើរ និងរង់ចាំឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សារព័ត៌មាន AP រាយការណ៍ថា ព្រិលបានគ្របដណ្តប់លើទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង ហើយគេចាត់ទុកថា វាជាព្យុះព្រិលខ្លាំងក្លាបំផុត បើធៀបនឹងរយៈពេលរាប់សិបឆ្នាំមកនេះ ។ ព្រិលធ្លាក់ជាច្រើនថ្ងៃបណ្តាលឱ្យប៉ះពាល់ដល់ជើងហោះហើរនានាត្រូវប្រកាសផ្អាកដឹកអ្នកដំណើរបណ្តោះអាសន្ន ហើយវាក៏ប៉ះពាល់ដល់ការធ្វើចរាចរណ៍តាមផ្លូវគោកផងដែរ ។
មន្ត្រីឧតុនិយមកូរ៉េខាងត្បូងឱ្យដឹងថា ព្រិលបានធ្លាក់នៅតំបន់ខាងជើងរបស់ទីក្រុងសេអ៊ូល ព្រមទាំងតំបន់នៅជុំវិញ ដែលព្រិលមានកម្ពស់រហូតដល់២០សង់ទីម៉ែត្រ ។ វាជាព្យុះព្រិលខ្លាំងបំផុតនៅសេអ៊ូល ដែលទីក្រុងនេះធ្លាប់មានព្រិលធ្លាក់ខ្លាំងកាលពី៥២ឆ្នាំមុន ឬតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧២ ដែលពេលនោះ ព្រិលបានធ្លាក់កម្ពស់១២សង់ទីម៉ែត្រ ។ 
នៅឆ្នាំ២០២៤ ព្រិលនៅតែបន្តធ្លាក់ក្នុងតំបន់ជាច្រើនទៀតរបស់កូរ៉េខាងត្បូង ដែលធ្វើឱ្យភាគកណ្តាល, ខាងកើត និងនិរតី មានព្រិលកម្ពស់ចាប់ពី១០សង់ទីម៉ែត្រ ទៅ២៣សង់ទីម៉ែត្រ ។ ផលប៉ះពាល់ដោយសារព្យុះព្រិលលើកនេះ ធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងស្លាប់ម្នាក់ និងរងរបួស៤នាក់ ក្នុងហេតុការណ៍រថយន្ត៥គ្រឿងបុកគ្នាតាមផ្លូវក្នុងទីក្រុង Hongcheon ភាគខាងកើតប្រទេស ។

លើសពីនេះ វាធ្វើឱ្យជើងហោះហើរយ៉ាងហោចណាស់ ២២០ជើងនៅអាកាសយានដ្ឋានទូទាំងប្រទេសត្រូវលុបចោលការហោះហើរ ឬយឺតយ៉ាវ ។ ក្រៅពីនេះ អាជ្ញាធរបានបញ្ជាឱ្យនាវាដឹកអ្នកដំណើរ ប្រមាណ៩០គ្រឿងផ្អាកបណ្តោះអាសន្ន ព្រមទាំងបិទផ្លូវធ្វើដំណើរក្នុងព្រៃជាច្រើនកន្លែង ។
ពលរដ្ឋរស់នៅទីក្រុងសេអ៊ូល ពិបាកធ្វើដំណើរនៅតាមផ្លូវយ៉ាងខ្លាំង ជាពិសេស នាពេលព្រឹក ដោយសារគ្របដណ្តប់ដោយទឹកកក ។ រីឯភ្នាក់ងារសង្គ្រោះបន្ទាន់នៅទូទាំងប្រទេសបានប្រកាសឱ្យពលរដ្ឋប្រយ័ត្នគ្រោះថ្នាក់បណ្តាលមកពីដើមឈើ និងស្លាកសញ្ញាផ្សេងៗបាក់តាមផ្លូវ ៕










