កោះប៉ែន គឺជាកោះដ៏ធំមួយនៅកណ្តាលទន្លេមេគង្គ ស្ថិតក្នុងភូមិកោះមិត្ត ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កោះនេះ គឺជាគោលដៅទេសចរណ៏បែបសហគមន៍ និងបានបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនតាមដងទន្លេ។ អ្នកស្រុកកោះប៉ែន រស់នៅដោយអាស្រ័យផលដំណាំលើទឹកដីកោះដ៏សម្បូរជីជាតិនេះ ក្នុងនាមជាកសិករ ខ្លះជាអ្នកនេសាទ និងខ្លះទៀតប្រកបការងារសិប្បកម្មតាមប្រពៃណីពីដូនតា។ កោះប៉ែនមានទេសភាពស្រស់បំព្រងគ្រប់រដូវកាលតែម្តង ក៏ដូចជាមានឆ្នេរខ្សាច់ស្អាតល្អដែលធ្វើឱ្យភ្ញៀវទេសចរពេញចិត្តទៅកម្សាន្តនៅទីនោះឥតឈប់ឈរ។
ជាពិសេសរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ដែលស្ថិតក្នុងទឹកដីខេត្តកំពង់ចាម ត្រូវបានអភិវឌ្ឍក្លាយជាតំបន់ទេសចរណ៍ដែលគួរឱ្យចាប់អារម្មណ៍បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលមានស្ពានបេតុង។ រមណីយដ្ឋានធម្មជាតិនេះ មានចម្ងាយប្រហែលតែ ១៣០ គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ដែលងាយស្រួលធ្វើដំណើរទៅមកវិលល្ងាច។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ ពោលគឺអាចបើកបររថយន្តឆ្លងកាត់ស្ពានបេតុងតែម្តង ដែលបានសម្ពោធកាលពីឆ្នាំ ២០១៨។
នៅទីនោះមានកន្លែងទាក់ទាញជាច្រើនសម្រាប់បម្រើភ្ញៀវទេសចរដូចជា៖ ម្ហូប, លេងទឹកឬហែលទឹក, ជិះទូក, គយគន់ ថ្ងៃលិច, ទស្សនាឆ្នេរខ្សាច់, ជិះទាទឹក និងចំណុចផ្សេងៗទៀត។ ឆ្នេរកោះប៉ែន គឺជាតំបន់កំសាន្តមួយដែលសម្បូរណ៍ទៅដោយបរិយាកាស បរិសុទ្ធ ឆ្នេរខ្សាច់ពណ៌សដ៏វែងស្រស់ស្អាត ជាមួយនឹងស្ពានធ្វើពីឈើឫស្សី ដ៏ស្រស់ត្រកាល សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្ត។ ចំពោះចំណតរថយន្តវិញភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានយ៉ាងងាយស្រួល។
សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន គឺមានខ្ចុះអង្គុយ ឬក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារ ផ្ទាល់ពីទីនោះផងដែរ៕
Home ព័ត៌មានជាតិ