យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយហុងកុងនៅថ្ងៃទី២៧ ខែវិច្ឆិកា បានឱ្យដឹងថាទស្សនិកជនមួយចំនួនបានស្គាល់ Sunny Tai នៅពេលដែលលោកបានបម្រើនៅភោជនីយដ្ឋានអាហារ និងភេសជ្ជៈតាមបែបហុងកុងក្នុងតំបន់ Wong Tai Sin ។ តារាសម្តែងរូបនេះទទួលការកុម្ម៉ង់ពីអតិថិជន សម្អាតតុ យកសំរាមចោល និងលាងចាន។.png)
តារាសម្តែង Sunny បាននិយាយថាលោកបានចាប់ផ្តើមការងារនេះកាលពីពីរសប្តាហ៍មុន ក្រៅពីបម្រើអតិថិជន លោកបានរៀនពីវិធីសាស្រ្តគ្រប់គ្រងហាង និងចង់មានជំនាញក្នុងការឆុងកាហ្វេ និងតែទឹកដោះគោ ដើម្បីអាចបើកអាជីវកម្មផ្ទាល់ខ្លួននៅថ្ងៃអនាគត។ តារាសម្ដែងរូបនេះបានបង្ហើបថា អាជីពសម្ដែងរបស់លោកមិនស្ថិតស្ថេរឡើយ ជួនកាលមានការងារ ជួនកាលអត់មាន។ លោកនៅតែដើរតួក្នុងខ្សែភាពយន្តនៅពេលដែលលោកមានឱកាស។
Sunny ស្លៀកពាក់សាមញ្ញជាបុគ្គលិកភោជនីយដ្ឋាន ដំបូងឡើយទស្សនិកជនជាច្រើនបានស្គាល់លោកហើយពួកគេគិតថាតារាសម្តែងរូបនេះកំពុងថតកម្មវិធីទូរទស្សន៍។ តារាសម្ដែងរូបនេះបាននិយាយថា នេះមិនមែនជាការផ្លាស់ប្ដូរអាជីពនោះទេ ប៉ុន្តែគ្រាន់តែជាប្រភពចំណូលនៅពេលដែលលោកមិនបានសម្ដែង។ នៅពេលដែលរូបភាពលោកធ្វើការជាអ្នករត់តុបានសាយភាយនៅលើបណ្តាញសង្គម Sunnyបានសរសេរនៅលើ Weibo ថា លោកមិនខ្មាសនឹងការងាររបស់ខ្លួនទេហើយការងារនេះក៏មិនបានទៅលួចឬឆក់ប្លន់ឡើយ។
តាមប្រភពបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ Sunny វ័យ៥២ឆ្នាំត្រូវភ្ញាក់ពីដំណេកនៅម៉ោង ៥ ព្រឹក ហើយធ្វើការលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ។ នៅពេលដែលលោកធ្វើការវេនយប់ លោកចេញពីហាងនៅម៉ោង ១២។ ពីរសប្តាហ៍ក្រោយមកនៃរសជាតិធ្វើការនេះលោកបានដឹងថាការបើកអាជីវកម្មអាហារមិនងាយស្រួលទេ ហើយយល់ថាហេតុអ្វីបានជាភោជនីយដ្ឋានជាច្រើនត្រូវបិទ ព្រោះថ្លៃភ្លើង និងទឹកត្រូវការចំណាយច្រើន។
តារាសម្តែង TVB រូបនេះទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃគឺប្រហែល ៣០០ ទៅ ៤០០ដុល្លារហុងកុង ប្រមាណពី ៣៨ ទៅ ៥១ដុល្លារអាម៉េរិក ឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ ប្រាក់ខែប្រចាំខែគឺជាង ១០,០០០ដុល្លារហុងកុងប្រមាណនឹងជាង១០០០ដុល្លារអាម៉េរិក។ ភាគច្រើនលោកទៅធ្វើការតាមរថភ្លើងក្រោមដី នៅពេលដែលលោកហត់គឺជិះតាក់ស៊ី។
Sunny Tai បានចូលប្រឡូកក្នុងឧស្សាហកម្មភាពយន្តអស់រយៈពេល៣២ឆ្នាំមកហើយ ហើយជាមុខមាត់ដែលធ្លាប់ស្គាល់នៅលើភាពយន្តហុងកុង ដោយដើរតួជាតួគាំទ្រក្នុងខ្សែភាពយន្តជាង ១៥០ រឿង។ តារាសម្តែងរូបនេះបានលេចមុខក្នុងរឿងភាគ TVB ល្បីៗជាច្រើនក្នុងនោះក៏សម្តែងក្នុងរឿង រាជនីសារព័ត៌មាន (The Queen of News ) ផងដែរ៕










