ផ្លូវថ្មីតភ្ជាប់ពីភ្នំបូកគោ ត្រង់ចំណុចព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ក្នុងតំបន់វាលស្រែ៥០០ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ក្រោមការវិនិយោគរបស់ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល កំពុងដំណើរការបានយ៉ាងរលូន ដោយគ្រោងនឹងបញ្ចប់ការសាងសង់នាពេលដ៏ខ្លីខាងមុខនេះ។
គម្រោងសាងសង់នេះ មានប្រវែង ៦១គីឡូម៉ែត្រ នឹងតភ្ជាប់ពីផ្លូវជាតិលេខ ៤ ម្តុំចម្ការដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង រិទ្ធី ត្រង់គីឡូម៉ែត្រលេខ ១៥៨+២៩១ ក្នុងឃុំកំពង់សិលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្ពោះទៅលើភ្នំបូកគោ ភ្ជាប់ជាមួយកំណាត់ផ្លូវវាលស្រែ ៥០០។
ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទៅមកទទឹង ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក៦ ម៉ែត្រ និងចិញ្ចឹមផ្លូវប្រវែង ៣,៥ម៉ែត្រសងខាង ដោយក្នុងមួយគីឡូម៉ែត្រ ចំណាយថវិការរហូតដល់៣លានដុល្លារ។
គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ មកផ្លូវជាតិលេខ៤ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានកាលសាងស់តាំងពីឆ្នាំ២០២២ តែដោយសារវិបត្តិជំងឹឆ្លងកូវីដ១៩ ទើបគម្រោងនេះមានភាពយឺតយ៉ាវ៕










