វ៉ែនតាបានលក់ដាច់យ៉ាងខ្លាំងនៅលើពិភពលោក ដោយសារម៉ាកវ៉ែនតានីមួយៗត្រូវបានផលិតឱ្យកាន់តែទំនើប និងមានទំហំតូចជាងមុនដើម្បីឱ្យងាយស្រួលប្រើប្រាស់ ។ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន Amazon ក៏ផលិតវ៉ែនតាដែរ ហើយវ៉ែនតារបស់ Amazon បានបំពាក់ប្រព័ន្ធ GPS បង្ហាញផ្លូវ ជាពិសេស វាស័ក្តិសមជាមួយអ្នកប្រកបរបរដឹកជញ្ជូនទំនិញ ។
តាមប្រភពមិនបញ្ចេញឈ្មោះឱ្យដឹងថា Amazon បានផលិតវ៉ែនតាដ៏ទំនើបសម្រាប់អ្នកដឹកជញ្ជូន ដើម្បីឱ្យពួកគេអាចដឹកទំនិញទៅកាន់គោលដៅផ្សេងៗ ថែមទាំងចំណេញពេលជាច្រើននាទីពេលដឹកទំនិញឱ្យអតិថិជន១ជើង និងពុំចាំបាច់បើកមើលផែនទី ។ រីឯអ្នកមិនប្រកបមុខរបរដឹកជញ្ជូន ក៏អាចពាក់វ៉ែនតានេះបានដែរ ដោយវានឹងបង្ហាញផ្លូវបត់ពេលចេញពីជណ្តើរយន្ត និងចៀសវាងឧបសគ្គ ដូចជា ៖ ទ្វារដែក និងឆ្កែកាច ។
.png)
បើទោះជាអ្នកខ្លះគិតថា វាគ្មានប្រយោជន៍អ្វីច្រើន ប៉ុន្តែបើយើងត្រូវដឹកទំនិញជារៀងរាល់ថ្ងៃ វ៉ែនតានេះនឹងអាចជួយបានច្រើន ដោយពុំចាំបាច់បើកមើល GPS ហើយយើងនឹងអាចលើកទំនិញច្រើនជាងមុន ។ វ៉ែនតានេះត្រូវបានផលិតឡើង បន្ទាប់ពីវ៉ែនតាទំនើបម៉ាក Echo Frames របស់ Amazon ដែលអាចស្តាប់សំឡេង និងបញ្ជាដោយសំឡេងតាមប្រព័ន្ធ Alexa ។
បច្ចុប្បន្ន Amazon កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាវ៉ែនតា ប៉ុន្តែមានបញ្ហារឿងថ្មដែលត្រូវប្រើប្រាស់រយៈពេល៨ម៉ោង ហើយវ៉ែនតាត្រូវមានទម្ងន់ស្រាលងាយស្រួលពាក់ ។ ក្រៅពីនេះ ការប្រមូលទិន្នន័យសរុប ដូចជា ៖ លំនៅឋាន, ផ្លូវថ្មើរជើង, ផ្លូវធំ, ចិញ្ចើមផ្លូវ និងផ្លូវសម្រាប់រថយន្តបើកចូលផ្ទះនីមួយៗ គឺអាចចំណាយពេលជាច្រើនឆ្នាំ ។
លើសពីនេះ ក៏ត្រូវពិចារណាពីការប្រើប្រាស់ផងដែរ ពីព្រោះពេលខ្លះ ការពាក់វ៉ែនតាងាយស្រួលក្តី ប៉ុន្តែបុគ្គលិកដឹកជញ្ជូនទំនិញមួយចំនួនអាចមិនចាប់អារម្មណ៍នឹងវ៉ែនតានេះ ដោយសារពួកគេគិតថា វាស្មុគស្មាញ ។ វាបានក្លាយជាបញ្ហាពិបាកដោះស្រាយ ហើយការលក់វ៉ែនតាទៅឱ្យអតិថិជននាពេលណានោះ គឺត្រូវរង់ចាំតាមដានបន្តទៀត ៕










