ប្រទេសវៀតណាម ៖ ខេត្ត Hung Yen របស់វៀតណាមបានទាក់ទាញចំណាប់អារម្មណ៍របស់បណ្តាវិនិយោគិនបរទេសយ៉ាងខ្លាំង ជាពិសេស វិនិយោគិនជប៉ុន, ចិន និងកូរ៉េខាងត្បូង ។ បច្ចុប្បន្ន មានគម្រោងវិនិយោគពីបរទេសក្នុងខេត្តនេះ ចំនួន៥៨៨គម្រោង និងទឹកប្រាក់វិនិយោគបានចុះបញ្ជីស្មើជាង៧,៦០០លានដុល្លារអាមេរិក ។.png)
កំណែទម្រង់រដ្ឋបាល គឺជាគោលការណ៍សំខាន់ដែលខេត្ត Hung Yen ផ្តល់ភាពសំខាន់ខ្លាំងបំផុតដើម្បីលើកកម្ពស់បរិយាកាសអាជីវកម្ម និងជំរុញសមត្ថភាពប្រកួតប្រជែងរបស់ខេត្ត ។ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ខេត្តនេះទទួលបានប្រាក់វិនិយោគពីក្រៅប្រទេស ស្មើនឹង១,៧០០លានដុល្លារអាមេរិក ។
វាជាចំនួនទឹកប្រាក់ច្រើនបំផុត ខណៈកាលពីឆ្នាំ២០២៣ ខេត្តទទួលបានប្រាក់វិនិយោគពីក្រៅប្រទេស ស្មើជាង១,០០០លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងនោះមានគម្រោងវិនិយោគរបស់ក្រុមហ៊ុនបរទេសជាច្រើន ដូចជា ៖ Toto Vietnam Co., Ltd., Hyundai Aluminium ViNa, Hoya Glass Disk Vietnam II Co., Ltd. និង Mektec Manufacturing Co., Ltd. (Vietnam) ។.png)
ខេត្តនេះមានទីតាំងស្ថិតនៅកណ្តាលដីសណ្តទន្លេក្រហម និងនៅឆ្ងាយពីទីក្រុងហាណូយ ប្រមាណ៦០គីឡូម៉ែត្រ ។ ទីតាំងរបស់ខេត្ត គឺមានប្រៀបផ្នែកភូមិសាស្ត្រជាងបណ្តាខេត្តផ្សេងៗ ហើយខេត្តក៏ទទួលបានប្រយោជន៍ដោយសារនៅជិតមជ្ឈមណ្ឌលឧស្សាហកម្ម ព្រមទាំងកំពង់ផែ និងអាកាសយានដ្ឋានអន្តរជាតិ ។ ដូច្នេះ ទីតាំងយុទ្ធសាស្ត្រនេះធ្វើឱ្យខេត្តមានអំណោយផលផ្នែកពាណិជ្ជកម្មយ៉ាងខ្លាំង ។
សក្តានុពលវិនិយោគរបស់ខេត្ត Hung Yen កើតឡើងដោយសារកត្តាជាច្រើន រួមមាន ៖ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ, ការចំណាយក្នុងអាជីវកម្មតិច, សម្បូរធនធានមនុស្ស, បរិយាកាសអាជីវកម្មអំណោយផលដល់ការវិនិយោគ និងតម្លាភាព ។ ខេត្តនេះបានវិនិយោគប្រាក់សាងសង់មជ្ឈមណ្ឌលឧស្សាហកម្មលំដាប់ពិភពលោកជាបន្តបន្ទាប់ ហើយបច្ចុប្បន្ន បានបញ្ចប់ការសាងសង់មជ្ឈមណ្ឌលឧស្សាហកម្ម ចំនួន១៧កន្លែង ។.png)
ខេត្តមិនត្រឹមតែផ្តោតលើការពង្រីកមជ្ឈមណ្ឌលឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏បានជំរុញគុណភាព និងនិរន្តរភាពមជ្ឈមណ្ឌលឧស្សាហកម្មផងដែរ ។ ក្រៅពីនេះ ខេត្តក៏បានផ្តល់ភាពសំខាន់លើការទាក់ទាញឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ រួមមាន ៖ អេឡិចត្រូនិក, ទូរគមនាគមន៍ និងការផលិត Semiconductor ។
ហេតុនេះ ដោយសារខេត្តបន្តលើកកម្ពស់បរិយាកាសវិនិយោគ និងកសាងមជ្ឈមណ្ឌលឧស្សាហកម្មជាច្រើនកន្លែងបានធ្វើឱ្យខេត្តមានតួនាទីយ៉ាងសំខាន់ក្នុងការរីកចម្រើនផ្នែកឧស្សាហកម្ម និងសេដ្ឋកិច្ចវៀតណាម ៕










